ខ្ញុំទូលអង្វរព្រះជាម្ចាស់ដូចតទៅនេះ គឺសូមឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលុបកាន់តែខ្លាំងឡើងៗ ធ្វើឲ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ។ ដូច្នេះ នៅថ្ងៃព្រះគ្រិស្តយាងមក បងប្អូននឹងបានបរិសុទ្ធ* ឥតមានកំហុសអ្វីឡើយ ហើយបងប្អូននឹងបានពោរពេញដោយផលនៃសេចក្ដីសុចរិត ដែលមកពីព្រះយេស៊ូគ្រិស្ត សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរព្រះជាម្ចាស់។ បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ហេតុការណ៍ដែលកើតមានដល់ខ្ញុំនោះ បែរជាជួយដំណឹងល្អវិញទេ គឺនៅក្នុងសាលាកាត់ក្ដីទាំងមូល និងនៅគ្រប់ទីកន្លែងឯទៀតៗ មនុស្សម្នាបានឃើញយ៉ាងច្បាស់ថា ខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ត។ ដោយឃើញខ្ញុំជាប់ឃុំឃាំងដូច្នេះ បងប្អូនភាគច្រើនទុកចិត្តលើព្រះអម្ចាស់ ហើយរឹតតែមានចិត្តក្លាហានប្រកាសព្រះបន្ទូលឥតភ័យខ្លាចអ្វីឡើយ។ មានបងប្អូនខ្លះប្រកាសដំណឹងល្អអំពីព្រះគ្រិស្ត ដោយចិត្តច្រណែនឈ្នានីស ចង់ប្រណាំងប្រជែង តែបងប្អូនខ្លះទៀតប្រកាសដោយមានឆន្ទៈល្អ បងប្អូនទាំងនេះប្រកាសដោយចិត្តស្រឡាញ់ ព្រោះដឹងថាព្រះអម្ចាស់បានតែងតាំងខ្ញុំឲ្យការពារដំណឹងល្អ។ រីឯអ្នកដែលផ្សាយដំណឹងអំពីព្រះគ្រិស្ត ដោយគំនិតប្រកួតចង់ឈ្នះនោះវិញ គេមានគោលបំណងមិនបរិសុទ្ធ*ទេ គឺគេស្មានថានឹងធ្វើឲ្យខ្ញុំរឹងរឹតតែវេទនាក្នុងទីឃុំឃាំងថែមទៀត។ មិនថ្វីទេ! ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្ដី ស្មោះសរក្ដី ក៏គេផ្សាយដំណឹងអំពីព្រះគ្រិស្តដែរ ខ្ញុំសប្បាយចិត្តនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្តតទៅមុខទៀត ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើឲ្យខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ ហើយដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្តជួយខ្ញុំដែរ។ ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ត និងសង្ឃឹមលើព្រះអង្គ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្តរឹងប៉ឹង ឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងព្រះគ្រិស្តក្នុងរូបកាយខ្ញុំ។
អាន ភីលីព 1
ស្ដាប់នូវ ភីលីព 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ភីលីព 1:9-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ