នៅខែទីមួយនៃឆ្នាំទីពីរ ក្រោយពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅវាលរហោស្ថានស៊ីណៃ ដូចតទៅ៖ «ចូរឲ្យជនជាតិអ៊ីស្រាអែលប្រារព្ធពិធីបុណ្យចម្លងនៅថ្ងៃដែលបានកំណត់ទុក។ ចូរនាំគ្នាប្រារព្ធពិធីបុណ្យនេះនៅថ្ងៃកំណត់ទុក គឺនៅថ្ងៃទីដប់បួនកើតក្នុងខែនេះ ក្រោយពេលថ្ងៃលិច។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះ តាមច្បាប់ និងតាមវិន័យដែលមានចែងទុក»។ លោកម៉ូសេប្រាប់ជនជាតិអ៊ីស្រាអែលឲ្យធ្វើពិធីបុណ្យចម្លង។ ពួកគេក៏ប្រារព្ធពិធីបុណ្យចម្លង នៅវាលរហោស្ថានស៊ីណៃ នាថ្ងៃទីដប់បួនកើតក្នុងខែទីមួយ ក្រោយពេលថ្ងៃលិច។ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ពេលនោះ មានអ្នកខ្លះត្រូវសៅហ្មង ព្រោះបានប៉ះពាល់សាកសព ហើយមិនអាចចូលរួមប្រារព្ធពិធីបុណ្យចម្លងឡើយ។ នៅថ្ងៃដដែលនោះ ពួកគេទៅជួបលោកម៉ូសេ និងលោកអើរ៉ុន ហើយជម្រាបថា៖ «យើងខ្ញុំត្រូវសៅហ្មង ព្រោះតែបានប៉ះពាល់សាកសព។ តើយើងខ្ញុំមានសិទ្ធិចូលរួមថ្វាយតង្វាយដល់ព្រះអម្ចាស់ តាមពេលកំណត់ ដូចជនជាតិអ៊ីស្រាអែលឯទៀតៗឬទេ?»។ លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ចូររង់ចាំខ្ញុំទទួលបញ្ជាពីព្រះអម្ចាស់ស្ដីអំពីករណីរបស់អ្នករាល់គ្នាសិន»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ឬធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់បាន។ ប៉ុន្តែ គេត្រូវធ្វើបុណ្យនេះនៅខែពិសាខ ថ្ងៃទីដប់បួនកើត ក្រោយពេលថ្ងៃលិច។ គេត្រូវបរិភោគសាច់ចៀមនៃបុណ្យចម្លងជាមួយនំប៉័ងឥតមេ និងបន្លែល្វីង។ គេមិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមច្បាប់ទាំងអស់ដែលមានចែងទុកអំពីបុណ្យចម្លង។ ប្រសិនបើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទៅណា តែមិនចូលរួមធ្វើបុណ្យចម្លងទេ អ្នកនោះនឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន ដ្បិតគេមិនបានថ្វាយតង្វាយទៅព្រះអម្ចាស់ តាមពេលកំណត់។ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។ ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យចម្លងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមក្រឹត្យវិន័យ និងច្បាប់ដែលមានចែងទុកអំពីបុណ្យចម្លងនេះ ដ្បិតមានច្បាប់តែមួយសម្រាប់អ្នករាល់គ្នា ទោះបីជនបរទេសក្ដី ម្ចាស់ស្រុកក្ដី»។
អាន ជនគណនា 9
ស្ដាប់នូវ ជនគណនា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 9:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ