កូនចៅកាដ និងកូនចៅរូបេន ចូលមកជិតលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំនឹងសង់របងនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយសង់ក្រុងសម្រាប់កូនចៅរបស់យើងខ្ញុំ។ បន្ទាប់មក យើងខ្ញុំប្រញាប់ប្រញាល់រៀបចំខ្លួនប្រដាប់អាវុធ ដើរនៅមុខអ៊ីស្រាអែល រហូតទាល់តែយើងខ្ញុំនាំពួកគេចូលទៅដល់ទឹកដីរបស់ពួកគេ។ កូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំពែងរឹងមាំ ការពារមិនឲ្យអ្នកស្រុកនេះធ្វើអ្វីពួកគេបាន។ រីឯយើងខ្ញុំវិញ យើងខ្ញុំមិនវិលត្រឡប់មកកាន់ផ្ទះសំបែង មុនពេលជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដី ទុកជាចំណែកមត៌ករបស់គេរៀងៗខ្លួនឡើយ។ បើយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ទុកជាចំណែកមត៌ក យើងខ្ញុំនឹងមិនទទួលទឹកដីនៅខាងលិចទន្លេយ័រដាន់ ទុកជាមត៌ករបស់យើងខ្ញុំទេ»។ លោកម៉ូសេមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើតាមពាក្យនេះមែន ហើយបើអ្នករាល់គ្នាត្រៀមខ្លួនធ្វើសឹក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប្រសិនបើអ្នកទាំងអស់គ្នាប្រដាប់អាវុធ ឆ្លងទន្លេយ័រដាន់ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រហូតទាល់តែព្រះអង្គបណ្ដេញខ្មាំងសត្រូវចេញពីទឹកដីនោះ ហើយប្រសិនបើអ្នករាល់គ្នាវិលត្រឡប់វិញ នៅពេលយើងយកស្រុកមកថ្វាយព្រះអម្ចាស់បាន អ្នករាល់គ្នានឹងរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាសន្យាចំពោះព្រះអម្ចាស់ និងចំពោះជនជាតិអ៊ីស្រាអែល។ អ្នករាល់គ្នាអាចនឹងទទួលតំបន់នេះជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្ដីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។ ចូរសង់ក្រុងសម្រាប់កូនចៅរបស់អ្នករាល់គ្នា និងសង់របងវាលស្មៅសម្រាប់ហ្វូងចៀមរបស់អ្នករាល់គ្នា រួចធ្វើតាមពាក្យដែលអ្នករាល់គ្នាបានសន្យានោះចុះ!»។ កូនចៅកាដ និងកូនចៅរូបេន ជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំប្របាទនឹងធ្វើតាមពាក្យដែលលោកម្ចាស់បង្គាប់។ យើងខ្ញុំនឹងទុកកូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ ហើយយើងខ្ញុំនឹងរៀបចំខ្លួនជាកងទ័ព ទៅធ្វើសឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមប្រសាសន៍របស់លោកម្ចាស់»។
អាន ជនគណនា 32
ស្ដាប់នូវ ជនគណនា 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 32:16-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ