នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអើរ៉ុន និងលោកម៉ូសេ នៅគ្រាដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេនៅលើភ្នំស៊ីណៃ។ កូនរបស់លោកអើរ៉ុនមានរាយនាមដូចតទៅ: ណាដាប់ ជាកូនច្បង អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ នេះជាឈ្មោះកូនប្រុសរបស់លោកអើរ៉ុន ដែលបានទទួលការតែងតាំងឲ្យបំពេញមុខងារជាបូជាចារ្យ។ លោកណាដាប់ និងលោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពេលលោកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ នៅវាលរហោស្ថានស៊ីណៃ។ លោកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីថាម៉ារ បំពេញមុខងារជាបូជាចារ្យ ក្រោមបន្ទុករបស់លោកអើរ៉ុន ជាឪពុក។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំកុលសម្ព័ន្ធលេវីចូលមក ហើយឲ្យពួកគេនៅក្រោមបង្គាប់របស់បូជាចារ្យអើរ៉ុន ដើម្បីជួយបំពេញការងារគាត់។ ពួកគេមានភារកិច្ចបំពេញមុខងារបម្រើអើរ៉ុន និងបម្រើសហគមន៍អ៊ីស្រាអែលទាំងមូល នៅមុខពន្លាជួបព្រះអម្ចាស់ គឺពួកគេបម្រើកិច្ចការនៅក្នុងព្រះពន្លា។ ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ពន្លាជួបព្រះអម្ចាស់ ហើយបម្រើជនជាតិអ៊ីស្រាអែល ដោយបំពេញមុខងារនៅក្នុងព្រះពន្លា។ ចូរប្រគល់កុលសម្ព័ន្ធលេវីទៅឲ្យអើរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រាអែល ប្រគល់ផ្ដាច់ឲ្យអើរ៉ុន។ ចូរតែងតាំងអើរ៉ុន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះ នឹងត្រូវទទួលទោសដល់ស្លាប់»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង គឺកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វ ជាចំណែករបស់យើង។ យើងជាព្រះអម្ចាស់»។
អាន ជនគណនា 3
ស្ដាប់នូវ ជនគណនា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 3:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ