លោកសម្លឹងមើលទៅ ឃើញជនជាតិអ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏យាងមកសណ្ឋិតលើលោកបាឡាម លោកថ្លែងដូចតទៅ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់ នេះជាពាក្យរបស់អ្នកដែលឮព្រះបន្ទូល របស់ព្រះជាម្ចាស់ អ្នកដែលឃើញនិមិត្តហេតុអស្ចារ្យ ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។ កូនចៅយ៉ាកុបអើយ ពន្លារបស់អ្នកស្អាតណាស់! កូនចៅអ៊ីស្រាអែលអើយ ទីលំនៅរបស់អ្នកក៏ស្អាតដែរ! គឺប្រៀបដូចជាទឹកជ្រោះហូរ ដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេ ដូចដើមក្រស្នា ដែលព្រះអម្ចាស់បានដាំ ដូចដើមតាត្រៅ ដែលដុះនៅតាមមាត់ទឹក។ ទឹកនឹងហូរចេញពីអាងរបស់គេយ៉ាងបរិបូណ៌ គ្រាប់ពូជរបស់គេនឹងលូតលាស់ ព្រោះសំបូរទឹក ស្ដេចរបស់គេនឹងមានជ័យជម្នះលើស្ដេចអកាក់ នគររបស់គេនឹងបានខ្លាំងពូកែ។ ព្រះជាម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ ពួកគេកម្ទេចប្រជាជាតិនានាដែលជាបច្ចាមិត្ត ហើយបំបាក់ឆ្អឹង និងបាញ់ព្រួញប្រហារ អ្នកទាំងនោះទៀតផង។ ពួកគេក្រាប ពួកគេដេក ដូចសត្វសិង្ហ តើនរណាហ៊ានដាស់ពួកគេ? អ្នកណាឲ្យពរអ៊ីស្រាអែល អ្នកនោះនឹងទទួលពរ អ្នកណាដាក់បណ្ដាសាអ៊ីស្រាអែល អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!»។ ពេលនោះ ព្រះបាទបាឡាក់ក្រេវក្រោធទាស់នឹងលោកបាឡាម ស្ដេចទះព្រះហស្ដខ្លាំងៗ ទាំងមានរាជឱង្ការថា៖ «យើងបានហៅលោកមក ដើម្បីឲ្យលោកដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែលោកបែរជាឲ្យពរពួកគេរហូតដល់បីដងទៅវិញ!។ ឥឡូវនេះ ចូរលោករត់ទៅផ្ទះរបស់លោកវិញទៅ! យើងមានបំណងផ្ដល់កិត្តិយសឲ្យលោក តែព្រះអម្ចាស់រារាំងលោកមិនឲ្យទទួលកិត្តិយសនេះទេ!»។ លោកបាឡាមទូលស្ដេចវិញថា៖ «ទូលបង្គំបានប្រាប់អស់អ្នកដែលព្រះករុណាចាត់ឲ្យទៅជួបទូលបង្គំរួចហើយថា “ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចសម្រេចការល្អ ឬអាក្រក់ ដោយខ្លួនឯង ខុសនឹងបញ្ជារបស់ព្រះអម្ចាស់ជាដាច់ខាត។ ខ្ញុំនឹងថ្លែងតែសេចក្ដីណាដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ”។ ឥឡូវនេះ មុនពេលទូលបង្គំវិលទៅជួបជុំនឹងប្រជាជនរបស់ទូលបង្គំវិញ សូមទ្រង់យាងមកជិតទូលបង្គំ ដើម្បីទូលបង្គំទូល ថ្វាយអំពីការដែលជនជាតិអ៊ីស្រាអែលនឹងប្រព្រឹត្តចំពោះប្រជាជនរបស់ព្រះករុណា នៅពេលខាងមុខ»។ លោកបាឡាមថ្លែងដូចតទៅ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់ នេះជាពាក្យរបស់អ្នកដែលបានឮព្រះបន្ទូល របស់ព្រះជាម្ចាស់ អ្នកដែលស្គាល់តម្រិះរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។ ខ្ញុំឃើញស្ដេចមួយអង្គ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្ដេចនោះ តែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីយ៉ាកុប មានដំបងរាជ្យមួយចេញពីអ៊ីស្រាអែល ស្ដេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ ហើយប្រល័យកូនចៅទាំងអស់របស់សេត។
អាន ជនគណនា 24
ស្ដាប់នូវ ជនគណនា 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 24:2-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ