ជនគណនា 14:11-45

ជនគណនា 14:11-45 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជា‌ជន​នេះ​នៅ​តែ​មើល‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត? យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​លុប​បំបាត់​ពួក​គេ។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង និង​មាន​កម្លាំង​ជាង​ពួក​នេះ»។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ជន‌ជាតិ​អេស៊ីប​ដឹង​ថា ព្រះអង្គ​បាន​នាំ​ប្រជា‌ជន​នេះ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។ ពួក​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ស្រុក​កាណាន។ អ្នក​ស្រុក​នោះ​ធ្លាប់​ឮ​ថា ព្រះអង្គ​ដែល​ជា​ព្រះ‌អម្ចាស់ គង់​នៅ​ជា​មួយ​ប្រជា‌ជន​នេះ។ ព្រះ‌អម្ចាស់​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ព្រះអង្គ​ផ្ទាល់​នឹង​ភ្នែក។ ពពក*​របស់​ព្រះអង្គ​ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រះអង្គ​យាង​ពី​មុខ​ពួក​គេ​ក្នុង​ដុំ​ពពក​នៅ​ពេល​ថ្ងៃ ក្នុង​ដុំ​ភ្លើង​នៅ​ពេល​យប់។ ប្រសិន​បើ​ព្រះអង្គ​ប្រហារ​ប្រជា‌ជន​នេះ​ឲ្យ​វិនាស​ទាំង​ស្រុង ដូច្នេះ ប្រជា‌ជាតិ​ដែល​ធ្លាប់​ឮ​ល្បី​អំពី​ព្រះអង្គ​នឹង​ពោល​ថា: ព្រះ‌អម្ចាស់​មិន​អាច​នាំ​ប្រជា‌ជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​ព្រះអង្គ​បាន​សន្យា​ប្រទាន​ឲ្យ​ពួក​គេ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រល័យ​ជីវិត​ពួក​គេ នៅ​ក្នុង​វាល​រហោ‌ស្ថាន។ ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​សម្តែង​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង‌ក្លា​បំផុត​របស់​ព្រះអង្គ ដូច​ទ្រង់​ធ្លាប់​ប្រកាស​ថា “ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា។ ព្រះអង្គ​លើក‌លែង​ទោស និង​កំហុស ប៉ុន្តែ ព្រះអង្គ​មិន​ចាត់​ទុក​អ្នក​ដែល​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ ពេល​ឪពុក​ធ្វើ​ខុស ព្រះអង្គ​ដាក់​ទោស​គេ រហូត​ដល់​កូន​ចៅ​បី​បួន​តំណ”។ សូម​មេត្តា​អត់‌ទោស​ឲ្យ​ប្រជា‌ជន​នេះ តាម​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​របស់​ព្រះអង្គ ដូច​ព្រះអង្គ​តែងតែ​អត់‌ទោស​ឲ្យ​ពួក​គេ ចាប់​តាំង​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​ទី​នេះ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សុខ​ចិត្ត​អត់‌ទោស​ឲ្យ​ពួក​គេ តាម​ពាក្យ​របស់​អ្នក! ក៏​ប៉ុន្តែ យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ហើយ​មាន​សិរី‌រុងរឿង​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល​ថា: អ្នក​ទាំង​នេះ​បាន​ឃើញ​សិរី‌រុងរឿង​របស់​យើង ព្រម​ទាំង​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ដែល​យើង​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន តែ​ពួក​គេ​បាន​ល្បង‌ល​យើង​ដល់​ទៅ​ដប់​ដង ដោយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង។ ហេតុ​នេះ ពួក​គេ​នឹង​មិន​ឃើញ​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ​នោះ​ឡើយ។ អស់​អ្នក​ដែល​មើល‌ងាយ​យើង​នឹង​មិន​ឃើញ​ស្រុក​នោះ​ជា​ដាច់​ខាត។ រីឯ​កាលែប​ជា​អ្នក​បម្រើ​របស់​យើង​វិញ ដោយ​គេ​មាន​ចិត្ត​ផ្សេង​ពី​អ្នក​ដទៃ ហើយ​ដើរ​តាម​មាគ៌ា​របស់​យើង​ទាំង​ស្រុង នោះ​យើង​នឹង​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គេ​បាន​ទៅ​សង្កេត​មើល ពូជ‌ពង្ស​របស់​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។ ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​កាណាន​រស់​នៅ​តាម​វាល​ទំនាប។ ដូច្នេះ ស្អែក​អ្នក​រាល់​គ្នា​ត្រូវ​បក​ក្រោយ វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ដូច​ត​ទៅ៖ «តើ​សហគមន៍​ដ៏​អាក្រក់​នេះ​នៅ​តែ​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង​ដល់​កាល​ណា​ទៀត? យើង​បាន​ឮ​ពាក្យ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង​ហើយ។ ចូរ​ប្រាប់​ពួក​គេ​ថា: យើង​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា តាម​ពាក្យ​ដែល​យើង​បាន​ឮ​អ្នក​រាល់​គ្នា​និយាយ។ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​ក្នុង​វាល​រហោ‌ស្ថាន​នេះ គឺ​អ្នក​ទាំង​អស់​គ្នា​ដែល​គេ​បាន​ជំរឿន មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ហើយ​បាន​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង។ អ្នក​រាល់​គ្នា​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ លើក‌លែង​តែ​កាលែប​ជា​កូន​របស់​យេភូ‌នេ និង​យ៉ូស្វេ ជា​កូន​របស់​នូន។ រីឯ​កូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​នោះ យើង​នឹង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ពួក​គេ​នឹង​ស្គាល់​ស្រុក ដែល​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យក។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន​ពនេ‌ចរ នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ហើយ​ពួក​គេ​ត្រូវ​រង​នូវ​អំពើ​ផិត​ក្បត់​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​ទាំង​អស់​គ្នា​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន។ អ្នក​រាល់​គ្នា​បាន​ទៅ​សង្កេត​មើល​ស្រុក អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​រង​នូវ​កំហុស​របស់​ខ្លួន​ចំនួន​សែ‌សិប​ឆ្នាំ​ដែរ គឺ​មួយ​ឆ្នាំ​សម្រាប់​មួយ​ថ្ងៃ។ ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ដឹង​ថា ពេល​យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា តើ​កើត​មាន​ផល​វិបាក​យ៉ាង​ណា។ យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ ចំពោះ​សហគមន៍​ដ៏​អាក្រក់​ដែល​លើក​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​នឹង​ស្លាប់​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ក្នុង​វាល​រហោ‌ស្ថាន​នេះ»។ អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ហើយ​ត្រឡប់​មក​វិញ បាន​និយាយ​បង្ខូច​ស្រុក​ធ្វើ​ឲ្យ​សហគមន៍​ទាំង​មូល​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​លោក គឺ​ពួក​គេ​បាន​រាយ‌ការណ៍​បង្ខូច​ស្រុក​នោះ។ ហេតុ​នេះ ពួក​គេ​ត្រូវ​ស្លាប់​ដោយ​គ្រោះ​កាច​មួយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក មាន​តែ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ​ប៉ុណ្ណោះ ដែល​រួច​ជីវិត។ លោក​ម៉ូសេ​បាន​នាំ​ព្រះ‌បន្ទូល​ទាំង​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ធ្វើ​ឲ្យ​ប្រជា‌ជន​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។ ពួក​គេ​ក្រោក​ពី​ព្រលឹម ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ ទាំង​ពោល​ថា៖ «មក៍! ពួក​យើង​ឡើង​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដ្បិត​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? អ្នក​រាល់​គ្នា​នឹង​ពុំ​សម្រេច​តាម​បំណង​ឡើយ។ កុំ​ឡើង​ទៅ​ធ្វើ​អ្វី! ព្រះ‌អម្ចាស់​មិន​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ។ កុំ​ទុក​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។ ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​កាណាន​ស្ថិត​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ព្រោះ​អ្នក​រាល់​គ្នា​បាន​ងាក​ចិត្ត​ចេញ​ពី​ព្រះអង្គ»។ ប្រជា‌ជន​តាំង​ចិត្ត​មានះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ តែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ និង​លោក​ម៉ូសេ​ពុំ​បាន​ចាក​ចេញ​ពី​ក្នុង​ជំរំ​ទេ។ ពេល​នោះ ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​លើ​ភ្នំ​នាំ​គ្នា​ចុះ​មក ហើយ​វាយ​ប្រហារ​ពួក​គេ ព្រម​ទាំង​ដេញ​តាម​កម្ទេច​ពួក​គេ​រហូត​ដល់​ហោម៉ា។