ខ្ញុំបានទៅជួបអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ហើយប្រគល់សាររបស់ព្រះចៅអធិរាជជូនពួកលោក។ ព្រះចៅអធិរាជបានចាត់នាយទាហាន និងកងពលសេះ ឲ្យជូនដំណើរខ្ញុំដែរ។ ពេលលោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម និងលោកថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ដឹងដំណឹងនេះ ពួកគេមិនសប្បាយចិត្តទេ ព្រោះឃើញមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យជនជាតិអ៊ីស្រាអែល។ ខ្ញុំបានទៅដល់ក្រុងយេរូសាឡឹម ហើយស្នាក់នៅទីនោះចំនួនបីថ្ងៃ។ បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់ឲ្យនរណាដឹងអំពីគម្រោងការ ដែលព្រះរបស់ខ្ញុំបណ្ដាលចិត្តខ្ញុំ ឲ្យគិតគូរធ្វើចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។ នៅពេលយប់ ខ្ញុំចាកចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។ ខ្ញុំបានទៅជិតទ្វារប្រភពទឹក និងស្រះហ្លួង ប៉ុន្តែ គ្មានច្រកអាចឲ្យសត្វដែលខ្ញុំជិះនោះ ដើរទៅមុខទៀតបានឡើយ។ ដូច្នេះ ខ្ញុំក៏ឡើងតាមជ្រោះទៅ ទាំងយប់ ដើម្បីពិនិត្យមើលកំពែងក្រុង រួចខ្ញុំវិលត្រឡប់មកវិញ ដោយចូលតាមទ្វារជ្រលងភ្នំ។ ពួកអ្នកគ្រប់គ្រងក្រុងពុំបានដឹងថា ខ្ញុំទៅទីណា ហើយខ្ញុំធ្វើអ្វីទេ។ មកទល់ពេលនេះ ខ្ញុំពុំបានប្រាប់ប្រជាជនយូដាពួកបូជាចារ្យ ពួកអភិជន ពួកអ្នកគ្រប់គ្រង ឬមេជាងសំណង់ឯទៀតៗ ឲ្យដឹងពីគម្រោងការរបស់ខ្ញុំឡើយ។ បន្ទាប់មក ខ្ញុំពោលទៅពួកគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ ពួកយើងរងទុក្ខវេទនាដល់កម្រិតណា ក្រុងយេរូសាឡឹមត្រូវគេបំផ្លាញចោល ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ដែរ! ដូច្នេះ ចូរនាំគ្នាមក យើងសង់ក្រុងយេរូសាឡឹមឡើងវិញ ដើម្បីកុំឲ្យយើងបាក់មុខទៀត!»។ ពេលនោះ ខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាព្រះដ៏សប្បុរសរបស់ខ្ញុំដាក់ព្រះហស្ដលើខ្ញុំ ហើយព្រះចៅអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ។ លោកសាន់បាឡាត់ជាអ្នកស្រុកហូរ៉ូណែម លោកថូប៊ីយ៉ាជាមន្ត្រីសាសន៍អាំម៉ូន និងកេសែមជាជនជាតិអារ៉ាប់ បានដឹងដំណឹងនេះ ពួកគេនាំគ្នាសើចចំអក និងមើលងាយពួកយើង ដោយពោលថា៖ «តើអ្នករាល់គ្នាចង់ធ្វើអ្វីហ្នឹង? តើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះចៅអធិរាជឬ?»។ ខ្ញុំឆ្លើយទៅពួកគេថា៖ «ព្រះនៃស្ថានបរមសុខមុខជាប្រទានឲ្យពួកយើងទទួលជោគជ័យមិនខាន! ពួកយើង ជាអ្នកបម្រើរបស់ព្រះអង្គ នឹងក្រោកឡើងសង់ក្រុងនេះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិ ឬអនុស្សាវរីយ៍អ្វីក្នុងក្រុងយេរូសាឡឹមនេះទេ»។
អាន នេហេមា 2
ស្ដាប់នូវ នេហេមា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នេហេមា 2:9-20
12
នៅពេលដែលអ៊ីស្រាអែលវិលទៅកាន់ទឹកដីវិញ ក្រុងយេរូសាឡឹមមានសភាពអាក្រក់។ បុរសសាមញ្ញម្នាក់ឈ្មោះនេហេមា សង់ជញ្ជាំងជុំវិញទីក្រុងឡើងវិញនៅក្នុងសៀវភៅប្រវត្តិសាស្ត្រចុងក្រោយនេះ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈនេហេមា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ