នេហេមា 13:11-14

នេហេមា 13:11-14 គខប

ខ្ញុំ​ស្ដី​បន្ទោស​ពួក​អ្នក​គ្រប់‌គ្រង​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​បោះ​បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ?»។ ខ្ញុំ​ក៏​ប្រមូល​ក្រុម​លេវី និង​ក្រុម​ចម្រៀង ឲ្យ​មក​បំពេញ​មុខងារ​របស់​ខ្លួន​វិញ។ ពេល​នោះ ប្រជា‌ជន​យូដា​ទាំង​មូល​យក​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ដែល​ជា​តង្វាយ​មួយ​ភាគ​ដប់​មក​ដាក់​ក្នុង​ឃ្លាំង។ ខ្ញុំ​បាន​ប្រគល់​ភារ‌កិច្ច​មើល​ខុស​ត្រូវ​ឃ្លាំង​ទៅ​លោក​សេលេ‌មា ជា​បូជា‌ចារ្យ លោក​សាដុក ជា​បណ្ឌិត​ខាង​វិន័យ និង​លោក​ពេដា‌យ៉ា ពី​ក្រុម​លេវី ហើយ​ក៏​មាន​លោក​ហាណាន ជា​កូន​របស់​លោក​សាគើរ និង​ជា​ចៅ​របស់​លោក​ម៉ាថា‌នា ធ្វើ​ការ​រួម​ជា​មួយ​ដែរ។ ប្រជា‌ជន​ទទួល​ស្គាល់​ថា​លោក​ទាំង​នោះ​ជា​មនុស្ស​ស្មោះ​ត្រង់ ដូច្នេះ ពួក​គេ​មាន​ភារ‌កិច្ច​ចែក​របប​ឲ្យ​បងប្អូន​របស់​ខ្លួន។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​ទូលបង្គំ​បាន​ធ្វើ​នេះ​ផង! សូម​កុំ​បំភ្លេច​កិច្ចការ​ផ្សេងៗ​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ព្រះ‌ដំណាក់​របស់​ព្រះអង្គ និង​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះអង្គ។