លុះដល់ពេលសម្ពោធកំពែងក្រុង គេទៅប្រមូលពួកលេវីពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ ឲ្យមកក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យសម្ពោធកំពែងក្រុងយ៉ាងសប្បាយ គឺពួកគេច្រៀងជាក្រុម ព្រមទាំងលើកទំនុកច្រៀង កំដរដោយសំឡេងស្គរ ចាប៉ី និងពិណ។ ក្រុមចម្រៀងប្រមូលគ្នាផ្ដុំពីកន្លែងផ្សេងៗ នៅជុំវិញក្រុងយេរូសាឡឹម និងនៅតាមភូមិនានានៅតំបន់នថូផា បេតគីលកាល តំបន់កេបា និងអាសម៉ាវែត ដ្បិតក្រុមចម្រៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។ ពួកបូជាចារ្យ និងពួកលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះប្រជាជន ជម្រះខ្លោងទ្វារ និងកំពែងក្រុងឲ្យបានបរិសុទ្ធដែរ។ ខ្ញុំចាត់មេដឹកនាំរបស់ជនជាតិយូដាឲ្យឡើងទៅលើកំពែងក្រុង ហើយខ្ញុំក៏បានរៀបចំក្រុមចម្រៀងជាពីរពួកដែរ ក្រុមទីមួយដើរនៅលើកំពែងក្រុងប៉ែកខាងស្ដាំ ឆ្ពោះទៅកាន់ទ្វារសំរាម។ លោកហូសាយ៉ា និងមេដឹកនាំចំនួនពាក់កណ្ដាល ដើរពីក្រោយក្រុមនោះ បន្ទាប់មក លោកអសារ៉ា លោកអែសរ៉ា លោកមស៊ូឡាម លោកយូដា លោកបេនយ៉ាមីន លោកសេម៉ាយ៉ា លោកយេរេមា ពួកបូជាចារ្យដែលកាន់ត្រែ លោកសាការី ជាកូនរបស់លោកយ៉ូណាថាន ដែលត្រូវជាកូនរបស់លោកសេម៉ាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកាយ៉ា ដែលត្រូវជាកូនរបស់លោកសាគើរ ដែលត្រូវជាកូនរបស់លោកអេសាភ ព្រមទាំងបងប្អូនរបស់លោក គឺលោកសេម៉ាយ៉ា លោកអសារាល លោកមីឡាឡាយ លោកគីឡាឡាយ លោកម៉ាអាយ លោកនេថានេល លោកយូដា និងលោកហាណានី។ លោកទាំងនោះកាន់ឧបករណ៍តន្ដ្រីរបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ លោកអែសរ៉ា ជាបណ្ឌិតខាងវិន័យ ដើរនៅខាងមុខគេ។ ពេលមកដល់មាត់ទ្វារប្រភពទឹក ពួកគេឡើងទៅបុរីព្រះបាទដាវីឌ តាមជណ្ដើរកំពែងដែលនៅទល់មុខនោះ កាត់តាមខាងលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារគង្គាដែលនៅខាងកើត។ ក្រុមចម្រៀងទីពីរដើរប៉ែកខាងឆ្វេង ខ្ញុំដើរតាមក្រោយពួកគេជាមួយប្រជាជន មួយផ្នែកទៀត នៅខាងលើកំពែងក្រុង។ យើងដើរកាត់ខាងលើប៉មឡភ្លើង រហូតដល់កំពែងធំ។ បន្ទាប់មក យើងដើរកាត់ខាងលើទ្វារអេប្រាអ៊ីម ទ្វារចាស់ ទ្វារមច្ឆា ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម ហើយឈប់នៅត្រង់ទ្វារនគរបាល។ ក្រុមចម្រៀងទាំងពីរនាំគ្នាឈប់នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ រីឯខ្ញុំ និងពួកអ្នកគ្រប់គ្រងដែលនៅជាមួយ ក៏ឈប់នៅទីនោះ រួមទាំងលោកបូជាចារ្យអេលាគីម ម៉ាសេយ៉ា មិនយ៉ាមីន មីកាយ៉ា អេលីយ៉ូណាយ សាការី ហាណានា ដែលជាអ្នកផ្លុំត្រែ ហើយក៏មានលោកម៉ាសេយ៉ា លោកសេម៉ាយ៉ា លោកអេឡាសារ លោកអ៊ូស៊ី លោកយ៉ូហាណាន លោកម៉ាលគា លោកអេឡាំ និងលោកអេស៊ើរ។ ពេលនោះ ក្រុមចម្រៀងក៏បន្លឺសំឡេងច្រៀង ក្រោមការដឹកនាំរបស់លោកអធិការយីសរ៉ាហ៊ា។ នៅថ្ងៃនោះ ប្រជាជនថ្វាយយញ្ញបូជាជាច្រើន ហើយនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយរីករាយ ព្រោះព្រះជាម្ចាស់ប្រទានឲ្យពួកគេមានអំណរដ៏លើសលុប។ ចំណែកឯស្ត្រី និងក្មេងៗវិញ ក៏នាំគ្នាសប្បាយរីករាយដែរ សម្រែកដ៏សប្បាយរបស់ពួកគេលាន់ឮចេញពីក្រុងយេរូសាឡឹមទៅយ៉ាងឆ្ងាយ។ នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកថ្វាយជាតង្វាយផលដំបូង ឬតង្វាយមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចម្ការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមបូជាចារ្យ និងក្រុមលេវី ដូចមានចែងទុកក្នុងក្រឹត្យវិន័យ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមបូជាចារ្យ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន គឺប្រតិបត្តិតាមអ្វីៗសព្វបែបយ៉ាងដែលព្រះរបស់ខ្លួនបង្គាប់ និងធ្វើពិធីជម្រះផ្សេងៗ។ រីឯក្រុមចម្រៀង ក្រុមយាមទ្វារព្រះដំណាក់ ក៏បំពេញមុខងាររបស់ខ្លួន ស្របតាមបញ្ជាដែលព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រ បានចែងទុក។ កាលពីជំនាន់ដើម គឺនៅជំនាន់ព្រះបាទដាវីឌ និងលោកអេសាភ តែងតែមានគ្រូចម្រៀងដឹកនាំក្រុមចម្រៀង ច្រៀងសរសើរតម្កើង និងអរព្រះគុណព្រះជាម្ចាស់។ នៅជំនាន់លោកសូរ៉ូបាបិល និងជំនាន់លោកនេហេមា ប្រជាជនអ៊ីស្រាអែលទាំងមូលតែងតែញែកចំណែកដ៏សក្ការៈនៃម្ហូបអាហាររបស់ខ្លួន ទៅជូនក្រុមលេវីជារៀងរាល់ថ្ងៃ ហើយក្រុមលេវីក៏ញែកចំណែកដ៏សក្ការៈនៃអាហាររបស់ខ្លួន ជូនកូនចៅរបស់លោកអើរ៉ុនដែរ។
អាន នេហេមា 12
ស្ដាប់នូវ នេហេមា 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នេហេមា 12:27-47
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ