ណាហ៊ូម 1:1-13

ណាហ៊ូម 1:1-13 គខប

សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​នីនីវេ។ សៀវភៅ​នេះ​ចែង​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​ណាហ៊ូម​ជា​អ្នក​ភូមិ​អែល‌កូស​បាន​ឃើញ។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពន់​ប្រមាណ ព្រះអង្គ​សង‌សឹក​ខ្មាំង​សត្រូវ។ ព្រះ‌អម្ចាស់​សង‌សឹក ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​សង‌សឹក​បច្ចា‌មិត្ត​របស់​ព្រះអង្គ ព្រះអង្គ​មិន​អត់‌ឱន​ឲ្យ​ពួក​គេ​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ប៉ុន្តែ ព្រះអង្គ​មិន​អាច​ចាត់​ទុក​អ្នក​មាន​ទោស ថា​គ្មាន​ទោស​ឡើយ។ ព្រះ‌អម្ចាស់​យាង​មក​ក្នុង​ខ្យល់​កំបុត‌ត្បូង និង​ខ្យល់​ព្យុះ​សង្ឃរា ពពក*​ជា​ធូលី​ដី​ដែល​ហុយ​នៅ​ក្រោម ព្រះ‌បាទា​របស់​ព្រះអង្គ។ ព្រះអង្គ​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួត ព្រះអង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់ ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួត‌ហែង ហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ។ ភ្នំ​ធំៗ​រញ្ជួយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​តូចៗ​រលាយ។ ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី កក្រើក​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ពេល​ព្រះអង្គ​ខ្ញាល់ តើ​នរណា​អាច​ទ្រាំ‌ទ្រ​បាន? តើ​នរណា​អាច​តទល់​នឹង កំហឹង​របស់​ព្រះអង្គ​បាន? ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះអង្គ ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​កម្ទេច​ផ្ទាំង​ថ្ម។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ព្រះអង្គ​ជា​ជម្រក​នៅ​គ្រា​មាន​អាសន្ន ព្រះអង្គ​មើល​ថែ​ទាំ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ព្រះអង្គ នៅ​ពេល​មាន​ទឹក​ជំនន់។ ប៉ុន្តែ ព្រះអង្គ​កម្ទេច​ទី​តាំង​របស់​ខ្មាំង​សត្រូវ ព្រះអង្គ​ទម្លាក់​ពួក​គេ​ក្នុង​ទី​ងងឹត។ តើ​អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​អ្វី ប្រឆាំង​នឹង​ព្រះ‌អម្ចាស់? ព្រះអង្គ​នឹង​បំផ្លាញ​ខ្មាំង​របស់​អ្នក​រាល់​គ្នា ឲ្យ​វិនាស‌សូន្យ គឺ​ព្រះអង្គ​មិន​ទុក​ឲ្យ​ពួក​គេ​សង្កត់‌សង្កិន អ្នក​រាល់​គ្នា​ទៀត​ឡើយ។ ពួក​ប្រមឹក​ទាំង​នោះ​ប្រៀប​បាន​នឹង​បន្លា​ដ៏​ក្រាស់ ពួក​គេ​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ទាំង​ស្រុង ដូច​ចំបើង​ស្ងួត​ដែរ។ នីនីវេ​អើយ មាន​ជន​ពាល​ម្នាក់​ចេញ​ពី​អ្នក​មក ជន​នោះ​គិត‌គូរ​គម្រោង‌ការ​ដ៏​អាស្រូវ ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទោះ​បី​ខ្មាំង​សត្រូវ​មាន​ចំនួន​ច្រើន និង​មាន​កម្លាំង​យ៉ាង​ណា​ក្ដី ពួក​គេ​មុខ​ជា​រលាយ​សូន្យ គ្មាន​សល់​ឡើយ! យើង​បាន​បន្ទាប​អ្នក តែ​យើង​នឹង​មិន​បន្ទាប​អ្នក​ទៀត​ទេ។ ឥឡូវ​នេះ យើង​បំបាក់​នឹម​របស់​ខ្មាំង​សត្រូវ និង​កាច់​បំបាក់​ច្រវាក់​ដែល​គេ​ចង​អ្នក​ដែរ»។