ណាហ៊ូម 1

1
1 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​នីនីវេ។ សៀវភៅ​នេះ​ចែង​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​ណាហ៊ូម​ជា​អ្នក​ភូមិ​អែល‌កូស​បាន​ឃើញ។
ព្រះ‌បន្ទូល​ស្ដី​អំពី​ការ​ដាក់​ទោស​ក្រុង​នីនីវេ
2 ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ
ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពន់​ប្រមាណ
ព្រះអង្គ​សង‌សឹក​ខ្មាំង​សត្រូវ។
ព្រះ‌អម្ចាស់​សង‌សឹក
ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។
ព្រះ‌អម្ចាស់​សង‌សឹក​បច្ចា‌មិត្ត​របស់​ព្រះអង្គ
ព្រះអង្គ​មិន​អត់‌ឱន​ឲ្យ​ពួក​គេ​ទេ។
3 ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់
ហើយ​ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ប៉ុន្តែ ព្រះអង្គ​មិន​អាច​ចាត់​ទុក​អ្នក​មាន​ទោស
ថា​គ្មាន​ទោស​ឡើយ។
ព្រះ‌អម្ចាស់​យាង​មក​ក្នុង​ខ្យល់​កំបុត‌ត្បូង
និង​ខ្យល់​ព្យុះ​សង្ឃរា
ពពក*​ជា​ធូលី​ដី​ដែល​ហុយ​នៅ​ក្រោម
ព្រះ‌បាទា​របស់​ព្រះអង្គ។
4ព្រះអង្គ​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួត
ព្រះអង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់
ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួត‌ហែង
ហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ ។
5ភ្នំ​ធំៗ​រញ្ជួយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ
ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​តូចៗ​រលាយ។
ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី
កក្រើក​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។
6ពេល​ព្រះអង្គ​ខ្ញាល់ តើ​នរណា​អាច​ទ្រាំ‌ទ្រ​បាន?
តើ​នរណា​អាច​តទល់​នឹង
កំហឹង​របស់​ព្រះអង្គ​បាន?
ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះអង្គ
ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​កម្ទេច​ផ្ទាំង​ថ្ម។
7 ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះអង្គ​ជា​ជម្រក​នៅ​គ្រា​មាន​អាសន្ន
ព្រះអង្គ​មើល​ថែ​ទាំ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត
លើ​ព្រះអង្គ
8នៅ​ពេល​មាន​ទឹក​ជំនន់។
ប៉ុន្តែ ព្រះអង្គ​កម្ទេច​ទី​តាំង​របស់​ខ្មាំង​សត្រូវ
ព្រះអង្គ​ទម្លាក់​ពួក​គេ​ក្នុង​ទី​ងងឹត ។
9តើ​អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​អ្វី
ប្រឆាំង​នឹង​ព្រះ‌អម្ចាស់?
ព្រះអង្គ​នឹង​បំផ្លាញ​ខ្មាំង​របស់​អ្នក​រាល់​គ្នា
ឲ្យ​វិនាស‌សូន្យ
គឺ​ព្រះអង្គ​មិន​ទុក​ឲ្យ​ពួក​គេ​សង្កត់‌សង្កិន
អ្នក​រាល់​គ្នា​ទៀត​ឡើយ។
10ពួក​ប្រមឹក​ទាំង​នោះ​ប្រៀប​បាន​នឹង​បន្លា​ដ៏​ក្រាស់
ពួក​គេ​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ទាំង​ស្រុង
ដូច​ចំបើង​ស្ងួត​ដែរ។
11នីនីវេ​អើយ មាន​ជន​ពាល​ម្នាក់​ចេញ​ពី​អ្នក​មក
ជន​នោះ​គិត‌គូរ​គម្រោង‌ការ​ដ៏​អាស្រូវ
ប្រឆាំង​នឹង​ព្រះ‌អម្ចាស់
12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«ទោះ​បី​ខ្មាំង​សត្រូវ​មាន​ចំនួន​ច្រើន
និង​មាន​កម្លាំង​យ៉ាង​ណា​ក្ដី
ពួក​គេ​មុខ​ជា​រលាយ​សូន្យ គ្មាន​សល់​ឡើយ!
យើង​បាន​បន្ទាប​អ្នក
តែ​យើង​នឹង​មិន​បន្ទាប​អ្នក​ទៀត​ទេ។
13ឥឡូវ​នេះ យើង​បំបាក់​នឹម​របស់​ខ្មាំង​សត្រូវ
និង​កាច់​បំបាក់​ច្រវាក់​ដែល​គេ​ចង​អ្នក​ដែរ»។
14ចំពោះ​អ្នក​ក្រុង​នីនីវេ​វិញ
ព្រះ‌អម្ចាស់​សម្រេច​ដូច​ត​ទៅ៖
«អ្នក​នឹង​គ្មាន​កូន​ចៅ​សម្រាប់​ត​វង្ស​ត្រកូល​ទេ។
យើង​នឹង​ដក​រូប​បដិមា ព្រម​ទាំង​រូប​ចម្លាក់
ធ្វើ​ពី​លង្ហិន​ចេញ​ពី​វិហារ​នៃ​ព្រះ​របស់​អ្នក។
យើង​នឹង​ជីក​រណ្ដៅ​សម្រាប់​បញ្ចុះ​សព​អ្នក
ដ្បិត​អ្នក​ពុំ​មាន​តម្លៃ​អ្វី​ឡើយ»។
15 មើល​ហ្ន៎! អ្នក​នាំ​ដំណឹង‌ល្អ​ស្ដី​អំពី​សន្តិ‌ភាព
កំពុង​តែ​រត់​នៅ​លើ​ភ្នំ!
អ្នក​ស្រុក​យូដា​អើយ
ចូរ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​លា​បំណន់​ទៅ!
ដ្បិត​ជន​ពាល​មិន​ឈ្លាន‌ពាន​អ្នក​ទៀត​ទេ
គេ​វិនាស​សូន្យ​ទាំង​ស្រុង​ហើយ!

ទើបបានជ្រើសរើសហើយ៖

ណាហ៊ូម 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ