ព្រះយេស៊ូយាងចាកចេញពីទីនោះជាមួយពួកសិស្ស* កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាដឹងឡើយ។ ព្រះអង្គបង្រៀនពួកសិស្សឲ្យដឹងថា បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ បីថ្ងៃក្រោយពីគេធ្វើគុត ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ។ ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។ ព្រះយេស៊ូ និងពួកសិស្ស* ធ្វើដំណើរមកដល់ក្រុងកាពើណិម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។ ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ ព្រះយេស៊ូគង់ចុះ ព្រះអង្គត្រាស់ហៅសិស្សទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឲ្យតូចជាងគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ ឲ្យមកឈរនៅកណ្ដាលពួកសិស្ស។ ព្រះអង្គឱបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះ ក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
អាន ម៉ាកុស 9
ស្ដាប់នូវ ម៉ាកុស 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 9:30-37
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ