ព្រះយេស៊ូ និងអ្នកទាំងបី បានមកជួបសិស្សឯទៀតៗ ព្រះអង្គទតឃើញបណ្ដាជនច្រើនកុះករឈរនៅជុំវិញសិស្សទាំងនោះ ហើយឃើញពួកអាចារ្យ*ជជែកជាមួយគេផង។ កាលបណ្ដាជនឃើញព្រះយេស៊ូ គេស្រឡាំងកាំងគ្រប់គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។ ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានវិញ្ញាណអាក្រក់ក្នុងខ្លួន ធ្វើឲ្យគនិយាយពុំរួច។ នៅទីណាក៏ដោយ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាផ្ដួលកូនខ្ញុំប្របាទលើដីឲ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំប្របាទបានសុំសិស្សរបស់លោកឲ្យដេញវិញ្ញាណអាក្រក់នេះដែរ ប៉ុន្តែ គេពុំអាចដេញវាចេញបានសោះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ គេក៏នាំវាចូលមកជិតព្រះយេស៊ូ។ កាលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាផ្ដួលក្មេងនោះឲ្យប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។ ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះតាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។ វិញ្ញាណអាក្រក់ធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្តាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើលោកអាចជួយបាន” ដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្តាជួយឲ្យខ្ញុំប្របាទ ដែលជាអ្នកមិនជឿនេះផង!»។ ពេលនោះ ព្រះយេស៊ូទតឃើញបណ្ដាជនរត់មក ព្រះអង្គក៏គំរាមវិញ្ញាណអាក្រក់ដោយបញ្ជាថា៖ «នែ៎វិញ្ញាណគថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។ វាក៏ស្រែកឡើង ព្រមទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើឲ្យមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។ រីឯព្រះយេស៊ូវិញ ព្រះអង្គចាប់ដៃវាលើកឡើង ក្មេងនោះក៏ក្រោកឈរ។ កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសិស្ស*ទូលសួរព្រះអង្គ ដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណអាក្រក់នេះចេញបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណប្រភេទនេះបាន លុះត្រាតែអធិស្ឋាន*»។ ព្រះយេស៊ូយាងចាកចេញពីទីនោះជាមួយពួកសិស្ស* កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាដឹងឡើយ។ ព្រះអង្គបង្រៀនពួកសិស្សឲ្យដឹងថា បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ បីថ្ងៃក្រោយពីគេធ្វើគុត ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ។ ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។ ព្រះយេស៊ូ និងពួកសិស្ស* ធ្វើដំណើរមកដល់ក្រុងកាពើណិម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។ ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ ព្រះយេស៊ូគង់ចុះ ព្រះអង្គត្រាស់ហៅសិស្សទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឲ្យតូចជាងគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ ឲ្យមកឈរនៅកណ្ដាលពួកសិស្ស។ ព្រះអង្គឱបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះ ក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
អាន ម៉ាកុស 9
ស្ដាប់នូវ ម៉ាកុស 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 9:14-37
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ