ម៉ាកុស 7:24-37

ម៉ាកុស 7:24-37 គខប

ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ុស។ ព្រះអង្គ​យាង​ចូល​ក្នុង​ផ្ទះ​មួយ ព្រះអង្គ​ពុំ​ចង់​ឲ្យ​នរណា​ដឹង​ថា​ព្រះអង្គ​គង់​នៅ​ទី​នោះ​ឡើយ តែ​លាក់​មិន​ជិត។ ភ្លាម​នោះ ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះអង្គ។ ស្ត្រី​នោះ​ជា​សាសន៍​ក្រិក​មាន​កំណើត​នៅ​ភេនីស​ក្នុង​ស្រុក​ស៊ីរី។ នាង​ទូល​សូម​ព្រះ‌យេស៊ូ​ដេញ​អារក្ស​ចេញ​ពី​កូន​នាង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ទុក​ឲ្យ​កូន​ចៅ​បរិ‌ភោគ​ឆ្អែត​ជា​មុន​សិន មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។ នាង​ទូល​ព្រះអង្គ​ថា៖ «ពិត​មែន​ហើយ​លោក​ម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​នៅ​ក្រោម​តុ វា​ស៊ី​កម្ទេច​អាហារ​ដែល​កូន​ក្មេង​ធ្វើ​ឲ្យ​ជ្រុះ​នោះ​បាន»។ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ដោយ​នាង​និយាយ​ដូច្នេះ ចូរ​នាង​វិល​ត្រឡប់​ទៅ​វិញ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ»។ ពេល​ស្ត្រី​នោះ​មក​ដល់​ផ្ទះ នាង​ឃើញ​កូន​ស្រី​ដេក​នៅ​លើ​គ្រែ ដ្បិត​អារក្ស​បាន​ចេញ​ពី​ក្មេង​នោះ​ហើយ។ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​តំបន់​ក្រុង​ទីរ៉ុស កាត់​តាម​តំបន់​ក្រុង​ស៊ីដូន និង​តំបន់​ស្រុក​ដេកា‌ប៉ូល ឆ្ពោះ​ទៅ​សមុទ្រ​កាលី‌ឡេ​វិញ។ គេ​នាំ​បុរស​ថ្លង់​ម្នាក់​មក​គាល់​ព្រះអង្គ។ ម្យ៉ាង​ទៀត បុរស​នោះ​ពុំ​អាច​និយាយ​បាន​ស្រួល​ដូច​ធម្មតា​ផង។ គេ​ទូល‌អង្វរ​សូម​ឲ្យ​ព្រះអង្គ​ដាក់​ព្រះ‌ហស្ដ​លើ​គាត់។ ព្រះអង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្ដា‌ជន ព្រះអង្គ​ដាក់​ព្រះអង្គុលី​ក្នុង​ត្រចៀក​គាត់ ហើយ​ស្ដោះ​ទឹក​ព្រះ‌ឱស្ឋ​យក​ទៅ​ផ្ដិត​លើ​អណ្ដាត​គាត់ រួច​ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ទត​ទៅ​លើ​មេឃ ដក​ដង្ហើម​ធំ ហើយ​មាន​ព្រះ‌បន្ទូល​ថា «អិប‌ផា‌ថា» (ប្រែ​ថា: ចូរ​បើក​ឡើង)។ រំពេច​នោះ ស្រាប់​តែ​ត្រចៀក​របស់​បុរស​នោះ​អាច​ស្ដាប់​ឮ អណ្ដាត​របស់​គាត់​ក៏​គ្រលាស់​បាន ហើយ​គាត់​ក៏​និយាយ​ស្ដី​ច្បាស់​លាស់។ ព្រះ‌យេស៊ូ​បាន​ហាម‌ប្រាម​ពួក​គេ មិន​ឲ្យ​និយាយ​ហេតុ‌ការណ៍​នេះ​ប្រាប់​នរណា​សោះ​ឡើយ។ ប៉ុន្តែ ទោះ​បី​ព្រះអង្គ​ហាម‌ប្រាម​យ៉ាង​ណា​ក៏​ដោយ គេ​រឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។ មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ​សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់​ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 7:24-37

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ