មានពួកខាងគណៈផារីស៊ី* និងអាចារ្យ*ខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។ គេឃើញសិស្ស*របស់ព្រះអង្គខ្លះបរិភោគអាហារ ដោយដៃមិនបរិសុទ្ធ* គឺគេពុំបានលាងដៃជាមុន។ ធម្មតា ពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសម្អាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ ពួកខាងគណៈផារីស៊ី និងពួកអាចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្យាការី*អេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត”ត្រូវណាស់ ដូចមានចែងថា: ប្រជារាស្ត្រនេះគោរពយើងតែបបូរមាត់ ឯចិត្តគេនៅឆ្ងាយពីយើង។ គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស ប៉ុណ្ណោះ ។ អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់បទបញ្ជារបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ លោកម៉ូសេ*បានថ្លែងថា: “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតារបស់ខ្លួន ត្រូវមានទោសដល់ជីវិត” រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថា: “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយបានរាប់ថាគ័របាន់ស្រេចទៅហើយ” (ពាក្យនេះប្រែថាទុកជាតង្វាយថ្វាយព្រះជាម្ចាស់)។ អ្នករាល់គ្នាពុំទុកឲ្យគាត់ជួយឪពុកម្ដាយឡើយ។ អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា។ អ្នករាល់គ្នាបានធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។ បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជនមកម្ដងទៀត រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់ឲ្យច្បាស់ថា អ្វីៗពីខាងក្រៅ ចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ*ឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមិនបរិសុទ្ធ [អ្នកណាឮពាក្យនេះហើយ ចូរយកទៅពិចារណាចុះ]»។ កាលព្រះយេស៊ូយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសិស្ស*នាំគ្នាទូលសួរព្រះអង្គអំពីប្រស្នានេះ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធឡើយ ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យគេមិនបរិសុទ្ធ ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មានសុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្តកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់ ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្តអបាយមុខ ច្រណែនឈ្នានីស អំនួត និងគំនិតលេលា។ ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ*»។
អាន ម៉ាកុស 7
ស្ដាប់នូវ ម៉ាកុស 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 7:1-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ