ព្រះយេស៊ូយាងចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ពួកសិស្ស*ក៏ទៅតាមព្រះអង្គដែរ។ លុះដល់ថ្ងៃសប្ប័ទ* ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*។ មនុស្សជាច្រើនដែលបានស្ដាប់ព្រះអង្គងឿងឆ្ងល់ក្រៃលែង។ គេនិយាយគ្នាថា៖ «តើគាត់ដឹងសេចក្ដីទាំងនេះមកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលគាត់បានធ្វើនេះកើតឡើងដោយវិធីណា? តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការី*តែក្នុងស្រុកកំណើត ក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។ នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យអ្វីឡើយ បានត្រឹមតែដាក់ព្រះហស្ដលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឲ្យជាប៉ុណ្ណោះ។ ព្រះអង្គនឹកឆ្ងល់ ដោយឃើញគេគ្មានជំនឿបែបនេះ។ ព្រះយេស៊ូយាងទៅភូមិនានាដែលនៅជុំវិញ ហើយទ្រង់បង្រៀនអ្នកស្រុក។ ពេលនោះ ព្រះអង្គត្រាស់ហៅសិស្ស*ទាំងដប់ពីររូបមក រួចទ្រង់ចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញវិញ្ញាណអាក្រក់ផង។ ព្រះអង្គផ្ដែផ្ដាំគេមិនឲ្យយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ពួកសិស្សក៏ចេញទៅ ប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិត។ គេបានដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសឲ្យគេជាសះស្បើយ។ ព្រះបាទហេរ៉ូដបានជ្រាបអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតព្រះកិត្តិនាមរបស់ព្រះយេស៊ូបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញ។ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។ អ្នកខ្លះថា៖ «លោកជាព្យាការីអេលីយ៉ា» ហើយខ្លះទៀតថា៖ «លោកជាព្យាការី*ម្នាក់ដូចព្យាការីឯទៀតៗពីជំនាន់ដើមដែរ»។ រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ស្ដេចមានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហាន ដែលយើងបានឲ្យគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។
អាន ម៉ាកុស 6
ស្ដាប់នូវ ម៉ាកុស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 6:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ