ម៉ាកុស 6:1-13

ម៉ាកុស 6:1-13 គខប

ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះអង្គ​វិញ ពួក​សិស្ស*​ក៏​ទៅ​តាម​ព្រះអង្គ​ដែរ។ លុះ​ដល់​ថ្ងៃ​សប្ប័ទ* ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​ព្រះអង្គ​ងឿង‌ឆ្ងល់​ក្រៃ‌លែង។ គេ​និយាយ​គ្នា​ថា៖ «តើ​គាត់​ដឹង​សេចក្ដី​ទាំង​នេះ​មក​ពី​ណា? ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ​ជា​ប្រាជ្ញា​អ្វី​ទៅ? ការ‌អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះ​កើត​ឡើង​ដោយ​វិធី​ណា? តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារី ជា​បងប្អូន​របស់​យ៉ាកុប យ៉ូសេ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី? ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​ក៏​រស់​នៅ​ក្នុង​ភូមិ​នេះ​ជា​មួយ​យើង​ដែរ!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះអង្គ​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី*​តែ​ក្នុង​ស្រុក​កំណើត ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ»។ នៅ​ទី​នោះ ព្រះអង្គ​ពុំ​អាច​ធ្វើ​ការ‌អស្ចារ្យ​អ្វី​ឡើយ បាន​ត្រឹម​តែ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ជំងឺ​ខ្លះ ដើម្បី​ប្រោស​គេ​ឲ្យ​ជា​ប៉ុណ្ណោះ។ ព្រះអង្គ​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។ ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​ទ្រង់​បង្រៀន​អ្នក​ស្រុក។ ពេល​នោះ ព្រះអង្គ​ត្រាស់​ហៅ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​មក រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​វិញ្ញាណ​អាក្រក់​ផង។ ព្រះអង្គ​ផ្ដែ‌ផ្ដាំ​គេ​មិន​ឲ្យ​យក​អ្វី​ទៅ​ជា​មួយ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើយ លើក‌លែង​តែ​ដំបង​ប៉ុណ្ណោះ៖ «កុំ​យក​ចំណី​អាហារ ថង់​យាម ឬ​យក​ប្រាក់​កាស​ជាប់​នឹង​ខ្លួន ចូរ​ពាក់​ស្បែក​ជើង តែ​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ជា​មួយ​ឡើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។ បើ​នៅ​កន្លែង​ណា​គេ​មិន​ព្រម​ទទួល មិន​ព្រម​ស្ដាប់​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​កន្លែង​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។ ពួក​សិស្ស​ក៏​ចេញ​ទៅ ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ត​គំនិត។ គេ​បាន​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស ព្រម​ទាំង​ចាក់​ប្រេង​លើ​អ្នក​ជំងឺ​ច្រើន​នាក់ ដើម្បី​ប្រោស​ឲ្យ​គេ​ជា​សះ‌ស្បើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ