ម៉ាកុស 4:13-20

ម៉ាកុស 4:13-20 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «បើ​អ្នក​រាល់​គ្នា​មិន​យល់​ប្រស្នា​នេះ​ផង ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​ប្រស្នា​ឯ​ទៀតៗ​បាន! អ្នក​ព្រោះ​ស្រូវ សាប​ព្រោះ​ព្រះ‌បន្ទូល មនុស្ស​ខ្លះ​ប្រៀប‌បី​ដូច​ជា​ផ្លូវ ដែល​ព្រះ‌បន្ទូល​បាន​ធ្លាក់​ទៅ​លើ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ មារ​សាតាំង*​ក៏​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម។ មនុស្ស​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ថ្ម​ក៏​ដូច្នោះ​ដែរ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ភ្លាម​ដោយ​អំណរ ប៉ុន្តែ គេ​ពុំ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត។ លុះ​ដល់​មាន​ទុក្ខ​វេទនា ឬ​ត្រូវ​គេ​បៀត‌បៀន​ព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។ មនុស្ស​ខ្លះ​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែល​មាន​បន្លា គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល​ដែរ ប៉ុន្តែ ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​រស់​នៅ​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ប៉ង‌ប្រាថ្នា​ផ្សេងៗ រឹប​រួត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​ឡើយ។ រីឯ​អ្នក​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ ក៏​ទទួល​យក​បង្ក​បង្កើត​ផល អ្នក​ខ្លះ​បាន​មួយ​ជា​សាម‌សិប អ្នក​ខ្លះ​បាន​មួយ​ជា​ហុក‌សិប អ្នក​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ‌រយ»។