ម៉ាកុស 2:18-28
ម៉ាកុស 2:18-28 គខប
ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ដ និងពួកសិស្សខាងគណៈផារីស៊ី នាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងពិធីមង្គលការ នៅពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ? ទេ! ដរាបណាកូនកំលោះនៅជាមួយ គេមិនអាចតមអាហារឡើយ។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ។ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្ដាលឲ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើឲ្យថង់ស្បែកនោះធ្លាយ បណ្ដាលឲ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។ មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ ពួកខាងគណៈផារីស៊ី*ទូលព្រះយេស៊ូថា៖ «សូមលោកមើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្ត នៅពេលឃ្លាន ហើយត្រូវការអាហារបរិភោគ។ នៅសម័យនោះ លោកអបៀថើរធ្វើជាមហាបូជាចារ្យ*។ ព្រះបាទដាវីឌបានចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមច្បាប់* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្ស ដើម្បីឲ្យបម្រើថ្ងៃសប្ប័ទឡើយ។ ហេតុនេះហើយបានជាបុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ»។


