ពេលនោះ មានបុរសម្នាក់ជាអ្នកស្រុកគីរ៉ែនត្រឡប់មកពីចម្ការ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។ អ្នកនោះឈ្មោះស៊ីម៉ូន ជាឪពុករបស់អលេក្សានត្រុស និងរូភូស។ គេបណ្ដើរព្រះយេស៊ូមកដល់កន្លែងមួយឈ្មោះ “គាល់កូថា” ដែលប្រែថា “ភ្នំលលាដ៍ក្បាល”។ គេយកស្រាទំពាំងបាយជូរលាយជាមួយគ្រឿងញៀនម្យ៉ាង មកថ្វាយព្រះអង្គសោយ ប៉ុន្តែ ព្រះអង្គពុំបានសោយទេ។ គេក៏ឆ្កាងព្រះអង្គ ហើយយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។ គេឆ្កាងព្រះអង្គនៅម៉ោងប្រាំបួនព្រឹក។ គេសរសេរប្រកាសអំពីហេតុដែលគេធ្វើទោសព្រះអង្គថា«ស្ដេចជនជាតិយូដា»។ គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ [ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «ព្រះអង្គត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់»។] មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយព្រះអង្គ ទាំងគ្រវីក្បាលដាក់ព្រះអង្គ និងពោលថា៖ «នែ៎ អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ សង្គ្រោះខ្លួនឯងទៅ អញ្ជើញចុះពីឈើឆ្កាងមក!»។ រីឯពួកនាយកបូជាចារ្យ និងពួកអាចារ្យ* ក៏និយាយគ្នាចំអកឲ្យព្រះអង្គដូចគេដែរ ពួកគេពោលថា៖ «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងទេ!។ សូមព្រះគ្រិស្ត ជាស្ដេចអ៊ីស្រាអែល អញ្ជើញចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង!»។ អ្នកដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដែរ។ នៅពេលថ្ងៃត្រង់ ស្រាប់តែផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល។ នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ាសាបាច់ថានី?» ពាក្យនេះប្រែថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?» ។ អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «ឃើញទេ! គាត់ហៅលោកអេលីយ៉ា!»។ មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «ចាំមើលមើល៍ តើលោកអេលីយ៉ាមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។ រីឯព្រះយេស៊ូវិញ ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ នាយទាហានរ៉ូម៉ាំងដែលឈរនៅខាងមុខព្រះយេស៊ូ ឃើញព្រះអង្គរលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ មានស្ត្រីៗខ្លះទៀតមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេផង។ ស្ត្រីទាំងនោះមកជាមួយ ហើយបម្រើព្រះអង្គតាំងពីព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ត្រីឯទៀតៗជាច្រើនបានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។ ថ្ងៃនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ*។ លុះដល់ល្ងាច លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេមកដល់ លោកជាសមាជិកដែលមានកេរ្តិ៍ឈ្មោះល្អ ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់* ហើយលោកក៏រង់ចាំព្រះរាជ្យ*របស់ព្រះជាម្ចាស់ដែរ។ លោកមានចិត្តក្លាហានហ៊ានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាព្រះយេស៊ូសោយទិវង្គតយ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឲ្យដឹងថា ព្រះយេស៊ូសោយទិវង្គតយូរហើយឬ។ បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់ព្រះសពទៅលោកយ៉ូសែប។ លោកយ៉ូសែបទិញក្រណាត់ផាឌិប លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីជាម្ដាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
អាន ម៉ាកុស 15
ស្ដាប់នូវ ម៉ាកុស 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 15:21-47
10 Days
Let’s slow down this Holy Week and learn from Christ’s final days on earth. Each day we will receive lessons or gifts that He took the time to give. Do you need a fresh reminder of what mattered most to Christ—that you love His people and follow Him? What could He want to teach you this Holy Week?
18 ថ្ងៃ
ដំណឹងល្អខ្លីជាងរបស់ម៉ាកុសពិពណ៌នាអំពីការបម្រើនៅលើផែនដីរបស់ព្រះយេស៊ូវគ្រីស្ទថាជាអ្នកបម្រើ និងជាកូនមនុស្សដែលរងទុក្ខ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈម៉ាកុស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ