ម៉ាកុស 15:1-47

ម៉ាកុស 15:1-47 គខប

លុះ​ព្រលឹម​ឡើង ពួក​នាយក​បូជា‌ចារ្យ*​ប្រជុំ​គ្នា​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​អាចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល។ គេ​បាន​ចង​ព្រះ‌យេស៊ូ ហើយ​បញ្ជូន​ព្រះអង្គ​ទៅ​លោក​ពីឡាត។ លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ដូច្នេះ!»។ ពួក​នាយក​បូជា‌ចារ្យ​បាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ។ លោក​ពីឡាត​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ? អ្នក​មិន​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។ ព្រះ‌យេស៊ូ​ពុំ​ឆ្លើយ​តប​ទៀត​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ពីឡាត​ងឿង‌ឆ្ងល់​ជា​ខ្លាំង។ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​តែង​លែង​អ្នក​ទោស​ម្នាក់​តាម​ពាក្យ​សុំ​របស់​បណ្ដា‌ជន។ មាន​បុរស​ម្នាក់​ឈ្មោះ បារ៉ា‌បាស ជាប់​ឃុំ‌ឃាំង​ជា​មួយ​ពួក​បះ‌បោរ ដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​ពេល​កើត​ចលាចល។ បណ្ដា‌ជន​នាំ​គ្នា​ឡើង​ទៅ​ជួប​លោក​ពីឡាត សុំ​ឲ្យ​លោក​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​ទម្លាប់​ដែល​លោក​ធ្លាប់​អនុ‌គ្រោះ​ដល់​គេ។ លោក​ពីឡាត​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ?»។ លោក​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​នាយក​បូជា‌ចារ្យ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​ពួក​គេ​មាន​ចិត្ត​ច្រណែន។ ពួក​នាយក​បូជា‌ចារ្យ*​នាំ​គ្នា​បញ្ចុះ‌បញ្ចូល​បណ្ដា‌ជន​សុំ​ឲ្យ​លោក​ពីឡាត​ដោះ​លែង​បារ៉ា‌បាស​វិញ។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្ដេច​យូដា​នេះ?»។ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?»។ ប៉ុន្តែ គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឆ្កាង​ទៅ!»។ លោក​ពីឡាត​ចង់​បំពេញ​ចិត្ត​បណ្ដា‌ជន ក៏​ដោះ​លែង​បារ៉ា‌បាស។ បន្ទាប់​ពី​បញ្ជា​ឲ្យ​គេ​វាយ​ព្រះ‌យេស៊ូ​នឹង​រំពាត់​រួច​ហើយ លោក​ប្រគល់​ទៅ​ឲ្យ​គេ​ឆ្កាង។ ពួក​ទាហាន​បណ្ដើរ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ហើយ​ហៅ​កង​ទាហាន​ទាំង​មូល​មក។ គេ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឲ្យ​ព្រះអង្គ រួច​យក​បន្លា​មក​ក្រង​ធ្វើ​ភួង បំពាក់​ជា​មកុដ​លើ​ព្រះ‌សិរសា​ព្រះអង្គ។ គេ​ក៏​នាំ​គ្នា​សំពះ​ព្រះអង្គ ទាំង​ពោល​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។ គេ​យក​ផ្ដៅ​វាយ​ព្រះ‌សិរសា​ព្រះអង្គ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ ព្រម​ទាំង​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះអង្គ​ថែម​ទៀត​ផង។ ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ពណ៌​ក្រហម​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​មក​ពាក់​ថ្វាយ​ព្រះអង្គ​វិញ ហើយ​បណ្ដើរ​យក​ទៅ​ឆ្កាង។ ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​ស្រុក​គីរ៉ែន​ត្រឡប់​មក​ពី​ចម្ការ គេ​ចាប់​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ។ អ្នក​នោះ​ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​របស់​អលេ‌ក្សាន‌ត្រុស និង​រូភូស។ គេ​បណ្ដើរ​ព្រះ‌យេស៊ូ​មក​ដល់​កន្លែង​មួយ​ឈ្មោះ “គាល់‌កូថា” ដែល​ប្រែ​ថា “ភ្នំ​លលាដ៍​ក្បាល”។ គេ​យក​ស្រា​ទំពាំង‌បាយជូរ​លាយ​ជា​មួយ​គ្រឿង‌ញៀន​ម្យ៉ាង មក​ថ្វាយ​ព្រះអង្គ​សោយ ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​សោយ​ទេ។ គេ​ក៏​ឆ្កាង​ព្រះអង្គ ហើយ​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។ គេ​ឆ្កាង​ព្រះអង្គ​នៅ​ម៉ោង​ប្រាំ​បួន​ព្រឹក។ គេ​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា«ស្ដេច​ជន‌ជាតិ​យូដា»។ គេ​ក៏​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។ [ ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះអង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មួយ​មនុស្ស​អាក្រក់» ។] មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​ព្រះអង្គ ទាំង​គ្រវី​ក្បាល​ដាក់​ព្រះអង្គ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ សង្គ្រោះ​ខ្លួន​ឯង​ទៅ អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។ រីឯ​ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ* ក៏​និយាយ​គ្នា​ចំអក​ឲ្យ​ព្រះអង្គ​ដូច​គេ​ដែរ ពួក​គេ​ពោល​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​ទេ!។ សូម​ព្រះ‌គ្រិស្ត ជា​ស្ដេច​អ៊ីស្រា‌អែល អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ និង​ជឿ​ផង!»។ អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដែរ។ នៅ​ពេល​ថ្ងៃ​ត្រង់ ស្រាប់​តែ​ផែនដី​ទាំង​មូល​ងងឹត​សូន្យ រហូត​ដល់​ម៉ោង​បី​រសៀល។ នៅ​វេលា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល​ទូលបង្គំ​ដូច្នេះ?» ។ អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ក៏​ពោល​ថា៖ «ឃើញ​ទេ! គាត់​ហៅ​លោក​អេលីយ៉ា!»។ មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ ទាំង​ពោល​ថា៖ «ចាំ​មើល​មើល៍ តើ​លោក​អេលីយ៉ា​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?»។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង រួច​រលត់​វិញ្ញាណ​ទៅ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។ នាយ​ទាហាន​រ៉ូម៉ាំង​ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ‌យេស៊ូ ឃើញ​ព្រះអង្គ​រលត់​វិញ្ញាណ​របៀប​នេះ ក៏​ពោល​ឡើង​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។ មាន​ស្ត្រីៗ​ខ្លះ​ទៀត​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូសេ ព្រម​ទាំង​នាង​សាឡូ‌មេ​ផង។ ស្ត្រី​ទាំង​នោះ​មក​ជា​មួយ ហើយ​បម្រើ​ព្រះអង្គ​តាំង​ពី​ព្រះអង្គ​នៅ​ស្រុក​កាលី‌ឡេ​ម៉្លេះ។ មាន​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ព្រះអង្គ​ដែរ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​គេ​រៀបចំ​បុណ្យ​ចម្លង* គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ*។ លុះ​ដល់​ល្ងាច លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ​មក​ដល់ លោក​ជា​សមាជិក​ដែល​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* ហើយ​លោក​ក៏​រង់‌ចាំ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ដែរ។ លោក​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​ពីឡាត​នឹក​ឆ្ងល់​ណាស់ ដោយ​ឮ​ថា​ព្រះ‌យេស៊ូ​សោយ​ទិវង្គត​យ៉ាង​ឆាប់​ដូច្នេះ។ លោក​ហៅ​នាយ​ទាហាន​មក​សួរ​ឲ្យ​ដឹង​ថា ព្រះ‌យេស៊ូ​សោយ​ទិវង្គត​យូរ​ហើយ​ឬ។ បន្ទាប់​ពី​បាន​ទទួល​សេចក្ដី​រាយ‌ការណ៍​ពី​នាយ​ទាហាន​រួច​ហើយ លោក​ក៏​អនុញ្ញាត​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​ទៅ​លោក​យ៉ូសែប។ លោក​យ៉ូសែប​ទិញ​ក្រណាត់​ផាឌិប លោក​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់ រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ​ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ បន្ទាប់​មក លោក​ប្រមៀល​ថ្ម​មួយ​ដុំ​បិទ​មាត់​ផ្នូរ។ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ជា​ម្ដាយ​យ៉ូសេ នាំ​គ្នា​មើល​កន្លែង​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ