ម៉ាកុស 14:44-72

ម៉ាកុស 14:44-72 គខប

យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​អ្នក​ទាំង​នោះ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​នាំ​យក​ទៅ ដោយ​ប្រយ័ត្ន‌ប្រយែង​ឲ្យ​មែន​ទែន»។ កាល​មក​ដល់​ភ្លាម យូដាស​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ ពោល​ថា៖ «លោក​គ្រូ!» រួច​គាត់​ថើប​ព្រះអង្គ ពួក​គេ​នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ។ មាន​ម្នាក់​ដែល​នៅ​ទី​នោះ​ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​មហា​បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ម្ខាង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង មក​ចាប់​ខ្ញុំ​ដូច្នេះ? ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ*​ជា​មួយ​អស់​លោក​ទាំង​បង្រៀន​ផង តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ»។ ពេល​នោះ ពួក​សិស្ស​បោះ‌បង់​ចោល​ព្រះ‌យេស៊ូ ហើយ​រត់​បាត់​អស់​ទៅ។ មាន​កំលោះ​ម្នាក់​ដែល​បាន​ទៅ​តាម​ព្រះអង្គ មាន​តែ​សំពត់​មួយ​ផ្ទាំង​បិទ‌បាំង​កាយ​ប៉ុណ្ណោះ គេ​បាន​ចាប់​គាត់​ដែរ តែ​គាត់​ចោល​សំពត់​រត់​ទៅ​ខ្លួន​ទទេ។ គេ​បណ្ដើរ​ព្រះ‌យេស៊ូ​នាំ​យក​ទៅ​ដល់​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ ពួក​នាយក​បូជា‌ចារ្យ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* មក​ជួប‌ជុំ​ទាំង​អស់​គ្នា​នៅ​ទី​នោះ។ លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ រហូត​ដល់​ខាង​ក្នុង​ទីធ្លា​ដំណាក់​មហា​បូជា‌ចារ្យ ហើយ​អង្គុយ​អាំង​ភ្លើង​ជា​មួយ​កង​រក្សា​ព្រះ‌វិហារ*។ ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ តែ​រក​មិន​បាន​សោះ។ មនុស្ស​ជា​ច្រើន​បាន​ប្រឌិត​រឿង​ក្លែងក្លាយ​ចោទ​ប្រកាន់​ព្រះអង្គ ប៉ុន្តែ ពាក្យ​ចោទ​ទាំង​នោះ​មិន​ស្រប​គ្នា​ឡើយ។ មាន​អ្នក​ខ្លះ​ក្រោក​ឈរ​ឡើង ពោល​រឿង​ក្លែងក្លាយ ចោទ​ប្រកាន់​ព្រះអង្គ​ថា៖ «យើង​បាន​ឮ​អ្នក​នេះ​ពោល​ថា “ខ្ញុំ​នឹង​រុះ​ព្រះ‌វិហារ​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ព្រះ‌វិហារ​មួយ​ផ្សេង​ទៀត ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ”»។ ប៉ុន្តែ ទោះ​បី​ក្នុង​រឿង​នេះ​ក៏​ដោយ ក៏​ពាក្យ​របស់​គេ​នៅ​តែ​ពុំ​ស្រប​គ្នា​ដដែល។ ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សួរ​ព្រះ‌យេស៊ូ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ទាំង​នេះ?» ព្រះ‌យេស៊ូ​នៅ​ស្ងៀម ពុំ​ឆ្លើយ​តប​ទាល់​តែ​សោះ។ លោក​មហា​បូជា‌ចារ្យ​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ពិត​ជា​ព្រះ‌គ្រិស្ត ជា​ព្រះ‌បុត្រា​របស់​ព្រះ ដែល​យើង​សរសើរ​តម្កើង​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​ជា​មួយ​ពពក*​នៅ​លើ​មេឃ» ។ លោក​មហា​បូជា‌ចារ្យ​ឮ​ដូច្នេះ ក៏​ហែក​អាវ​របស់​លោក ហើយ​មាន​ប្រសាសន៍​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​ជន​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ស្រាប់​ហើយ តើ​អស់​លោក​គិត​ដូច​ម្ដេច?»។ គេ​បាន​សម្រេច​ចិត្ត​ទាំង​អស់​គ្នា កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ។ អ្នក​ខ្លះ​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ គេ​គ្រប​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ វាយ​តប់​ព្រះអង្គ ហើយ​សួរ​ថា៖ «ទាយ​មើល៍!»។ កង​រក្សា​ព្រះ‌វិហារ​យក​ព្រះ‌យេស៊ូ​មក​ទះ​កំផ្លៀង។ ពេល​លោក​ពេត្រុស​នៅ​ក្នុង​ទីធ្លា មាន​ស្ត្រី​បម្រើ​ម្នាក់​របស់​លោក​មហា​បូជា‌ចារ្យ​មក​ដល់។ នាង​ឃើញ​លោក​ពេត្រុស​កំពុង​អាំង​ភ្លើង ក៏​សម្លឹង​មើល​មុខ​គាត់​ឲ្យ​បាន​ច្បាស់ រួច​ពោល​ថា៖ «អ្នក​ឯង​ក៏​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ភូមិ​ណា​សារ៉ែត​ដែរ!»។ ប៉ុន្តែ លោក​ប្រកែក​ឡើង​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​យល់​ថា​នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ»។ លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ ពេល​នោះ មាន់​រងាវ​ឡើង។ ស្ត្រី​បម្រើ​ឃើញ​លោក​ពេត្រុស ក៏​ប្រាប់​អស់​អ្នក​ដែល​នៅ​ទី​នោះ​ម្ដង​ទៀត​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​គេ​ដែរ»។ លោក​ពេត្រុស​ប្រកែក​សា​ជា​ថ្មី។ បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​និយាយ​ទៅ​លោក​ពេត្រុស​ទៀត​ថា៖ «អ្នក​ឯង​ប្រាកដ​ជា​បក្ស​ពួក​អ្នក​ទាំង​នោះ​មែន ព្រោះ​អ្នក​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។ លោក​ពេត្រុស​ក៏​និយាយ​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ឲ្យ​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ»។ ភ្លាម​នោះ មាន់​រងាវ​ឡើង​ជា​លើក​ទី​ពីរ លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ ដែល​ថា “មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ” គាត់​ក៏​ទ្រហោ​យំ។