ម៉ាកុស 14:1-26

ម៉ាកុស 14:1-26 គខប

នៅ​ពីរ​ថ្ងៃ​មុន​បុណ្យ​ចម្លង* និង​បុណ្យ​នំប៉័ង​ឥត​មេ* ក្រុម​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* នាំ​គ្នា​រក​មធ្យោ‌បាយ ដើម្បី​ចាប់​ព្រះ‌យេស៊ូ​ដោយ​កល‌ល្បិច​យក​ទៅ​ធ្វើ​គុត។ ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជា‌ជន»។ ព្រះ‌យេស៊ូ​គង់​នៅ​ភូមិ​បេតថា‌នី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។ ពេល​ព្រះអង្គ​កំពុង​សោយ​ព្រះ‌ស្ងោយ មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើស‌លុប។ នាង​បំបែក​ដប​ថ្ម​កែវ ហើយ​ចាក់​ប្រេង​ក្រអូប​លើ​ព្រះ‌សិរសា​របស់​ព្រះ‌យេស៊ូ។ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​គ្នា​ថា៖ «ម្ដេច​ក៏​ខ្ជះ‌ខ្ជាយ​ប្រេង​ក្រអូប​ដូច្នេះ! បើ​យក​ប្រេង​នេះ​ទៅ​លក់ មុខ​ជា​បាន​ប្រាក់​ជាង​បី​រយ​ដួង* ហើយ​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ»។ អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​នាង​ទៅ! ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង? នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ អ្នក​រាល់​គ្នា​មាន​អ្នក​ក្រីក្រ​នៅ​ជា​មួយ​រហូត អ្នក​រាល់​គ្នា​អាច​ធ្វើ​ទាន​ដល់​គេ តាម​តែ​ចិត្ត​អ្នក​រាល់​គ្នា​ចង់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ ស្ត្រី​នេះ​បាន​ធ្វើ​តាម​សមត្ថ‌ភាព​របស់​នាង គឺ​នាង​លាប​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ​ទុក​ជា​មុន​សម្រាប់​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹង‌ល្អ* គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំឭក​អំពី​នាង»។ យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​សិស្ស*​ម្នាក់​ក្នុង​ក្រុម​ដប់‌ពីរ​រូប បាន​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* ដើម្បី​គិត‌គូរ​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ។ កាល​អ្នក​ទាំង​នោះ​ស្ដាប់​ពាក្យ​យូដាស​និយាយ គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ យូដាស​ក៏​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះអង្គ។ នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ* ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ‌បូជា*​សម្រាប់​បុណ្យ​ចម្លង* ពួក​សិស្ស*​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ពិធី​ជប់‌លៀង​ជូន ក្នុង​ឱកាស​បុណ្យ​ចម្លង* នៅ​កន្លែង​ណា?»។ ព្រះអង្គ​ចាត់​សិស្ស*​ពីរ​រូប​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ទៅ​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​ទៅ គាត់​ចូល​ផ្ទះ​ណា អ្នក​ត្រូវ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា “បន្ទប់​ដែល​ខ្ញុំ​នឹង​ត្រូវ​ជប់‌លៀង​ជា​មួយ​ពួក​សិស្ស ក្នុង​ពេល​បុណ្យ​ចម្លង*​នៅ​ឯ​ណា?”។ ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ​នៅ​ជាន់​ខាង​លើ ដែល​មាន​ប្រដាប់‌ប្រដា​សព្វ​គ្រប់​រៀបចំ​ជា​ស្រេច ចូរ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​យើង នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។ សិស្ស*​ទាំង​ពីរ​ក៏​ចេញ​ទៅ លុះ​ដល់​ទីក្រុង គេ​បាន​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​មែន គេ​ក៏​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង។ លុះ​ដល់​ល្ងាច ព្រះអង្គ​យាង​មក​ដល់​ជា​មួយ​សិស្ស ទាំង​ដប់‌ពីរ​រូប។ នៅ​ពេល​ព្រះ‌យេស៊ូ​រួម​តុ សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បរិ‌ភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃ‌លែង គេ​ទូល​សួរ​ព្រះអង្គ​បន្ដ​បន្ទាប់​គ្នា​ថា៖ «តើ​ទូលបង្គំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់‌ពីរ ដែល​កំពុង​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ​នេះ​ហើយ។ បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់​ហើយ។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស ​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ​ទើប​ប្រសើរ​ជាង»។ នៅ​ពេល​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ ព្រះអង្គ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ពិសា​ចុះ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»។ បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស* ពួក​សិស្ស​ក៏​បរិ‌ភោគ​ទាំង​អស់​គ្នា។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធ‌មេត្រី ដែល​ត្រូវ​បង្ហូរ​សម្រាប់​មនុស្ស​ទាំង​អស់។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង‌បាយជូរ​ថ្មី នៅ​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 14:1-26

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ