ម៉ាកុស 12:35-40

ម៉ាកុស 12:35-40 គខប

ព្រះ‌យេស៊ូ​បង្រៀន​មនុស្ស‌ម្នា​នៅ​ក្នុង​ព្រះ‌វិហារ*​ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ? ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​បាន​បំភ្លឺ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ” ។ បើ​ព្រះ‌បាទ​ដាវីឌ​ផ្ទាល់​ហៅ​ព្រះ‌គ្រិស្ត*​ថា “ព្រះ‌អម្ចាស់” ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​កើត?»។ បណ្ដា‌ជន​ជា​ច្រើន​ចូល​ចិត្ត​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ណាស់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ*​ឲ្យ​មែន​ទែន អ្នក​ទាំង​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​មុខ​គេ ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់‌លៀង។ គេ​តែង​នាំ​គ្នា​ឆបោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត​ជា​មិន​ខាន»។