ព្រះយេស៊ូយាងមកជាមួយសិស្សជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីររូបឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ប្រសិនបើមានគេសួរថា“ហេតុអ្វីបានជាអ្នកស្រាយវា” ចូរឆ្លើយប្រាប់គេថា “ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន”»។ សិស្សទាំងពីររូបចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវ ហើយក៏ស្រាយវា។ មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ សិស្សទាំងពីរឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូបានបង្គាប់មក គេក៏ឲ្យដឹកចេញទៅ។ សិស្សទាំងពីរដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា ព្រះអង្គក៏ឡើងគង់លើខ្នងកូនលានោះ។ មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចម្ការមករាយលើផ្លូវដែរ។ អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យ*ដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ កាលព្រះយេស៊ូទៅដល់ក្រុងយេរូសាឡឹម ព្រះអង្គក៏យាងចូលក្នុងព្រះវិហារ*។ ក្រោយពីបានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេតថានីជាមួយសិស្សទាំងដប់ពីររូប ដ្បិតល្ងាចណាស់ហើយ។ នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេតថានី ពេលនោះ ព្រះអង្គឃ្លាន។ ព្រះអង្គទតឃើញឧទុម្ពរ*មួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ព្រះអង្គក៏យាងតម្រង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិត ព្រះអង្គទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ គ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសិស្ស*បានឮព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ព្រះអង្គមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ*ឡើយ។ ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា: ដំណាក់របស់យើងត្រូវធ្វើជាដំណាក់ សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយអធិស្ឋាន* តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ »។ កាលពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្តែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។ លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។ ព្រឹកឡើង ពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរ*ក្រៀមស្វិតរហូតដល់ឫស។ លោកពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមមើល! ដើមឧទុម្ពរដែលព្រះគ្រូបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស*ថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះធ្លាក់ក្នុងសមុទ្រទៅ!” ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ត ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេច នោះព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។ ម្យ៉ាងទៀត ពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*អត់ទោសឲ្យអ្នករាល់គ្នា»។ [ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ* ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ។] ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស*ម្ដងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ* ពួកនាយកបូជាចារ្យ និងពួកអាចារ្យ នាំគ្នាមកជួបព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោកធ្វើការទាំងនេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរអស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ សូមឆ្លើយប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក គាត់មុខជាសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន? ផ្ទុយទៅវិញ បើយើងឆ្លើយថាមនុស្សចាត់លោកឲ្យមក…» (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
អាន ម៉ាកុស 11
ស្ដាប់នូវ ម៉ាកុស 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 11:1-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ