ម៉ាកុស 10:1-31

ម៉ាកុស 10:1-31 គខប

ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ស្រុក​យូដា និង​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់។ មហា‌ជន​នាំ​គ្នា​ទៅ​រក​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​តាម​ទម្លាប់​របស់​ព្រះអង្គ។ មាន​ពួក​ខាង​គណៈ​ផារី‌ស៊ី*​ចូល​មក​ជិត ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​លែង​ភរិយា​បាន​ឬ​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​លោក​ម៉ូសេ​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​អ្វី?»។ គេ​ទូល​តប​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង‌លះ​ប្រពន្ធ​បាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​ចែង​បទ‌បញ្ជា*​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស។ ប៉ុន្តែ កាល​ដើម​ដំបូង នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​ពិភព​លោក ព្រះអង្គ​បង្កើត​មនុស្ស​មក​ជា​បុរស​ជា​ស្ត្រី ។ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ [ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន] ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ​ផ្គុំ​នោះ​ឡើយ»។ ពេល​ទៅ​ដល់​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌យេស៊ូ​អំពី​រឿង​នេះ​ម្ដង​ទៀត។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។ រីឯ​ភរិយា​ណា​ដែល​លែង​ស្វាមី ហើយ​ទៅ​រៀបការ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​ពួក​វា ប៉ុន្តែ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ។ កាល​ព្រះ‌យេស៊ូ​ឃើញ​ដូច្នោះ ព្រះអង្គ​ទាស់​ព្រះ‌ហឫទ័យ​ណាស់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះអង្គ​ឡើយ»។ បន្ទាប់​មក ព្រះអង្គ​ឱប​ក្មេង​ទាំង​នោះ រួច​ប្រទាន​ពរ​ឲ្យ​ពួក​វា ដោយ​ដាក់​ព្រះ‌ហស្ដ​ពី​លើ។ កាល​ព្រះ‌យេស៊ូ​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក​ដល់ លុត​ជង្គង់​ចុះ​នៅ​មុខ​ព្រះអង្គ ទូល​ថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ទុក​ជា​មត៌ក?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ថា ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។ អ្នក​ស្គាល់​បទ‌បញ្ជា​ស្រាប់​ហើយ​ថា “កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស កុំ​កេង‌ប្រវ័ញ្ច​យក​សម្បត្តិ​នរណា​ឲ្យ​សោះ ចូរ​គោរព​មាតា‌បិតា” »។ បុរស​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ​អើយ! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទាំង​នេះ តាំង​ពី​ក្មេង​មក»។ ព្រះ‌យេស៊ូ​ទត​មើល​ទៅ​គាត់ ហើយ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​គាត់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ខ្វះ​កិច្ចការ​មួយ​ទៀត​ដែល​អ្នក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​អញ្ជើញ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន រួច​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​មាន​សម្បត្តិ​សួគ៌ បន្ទាប់​មក សឹម​អញ្ជើញ​មក​តាម​ខ្ញុំ»។ កាល​បុរស​នោះ​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រពោន ហើយ​វិល​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ណាស់។ ព្រះ‌យេស៊ូ​ទត​មើល​ជុំ‌វិញ រួច​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «អ្នក​មាន​មិន​ងាយ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន​ទេ»។ ពួក​សិស្ស​ងឿង‌ឆ្ងល់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «កូន​ចៅ​អើយ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ពិបាក​ចូល​ណាស់! សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។ ពួក​សិស្ស​រឹត​តែ​ឆ្ងល់​ថែម​ទៀត ហើយ​និយាយ​គ្នា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។ ព្រះ‌យេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ‌ជាម្ចាស់​ធ្វើ​កើត ដ្បិត​ព្រះអង្គ​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់ ហើយ​យើង​ខ្ញុំ​បាន​មក​តាម​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ​កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹង‌ល្អ* អ្នក​នោះ​នឹង​ទទួល​ក្នុង​ពេល​ឥឡូវ​នេះ​មួយ​ជា​មួយ​រយ គឺ​ផ្ទះ​សំបែង បងប្អូន​ប្រុស​ស្រី ម្ដាយ​កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ទទួល​ការ​បៀត‌បៀន ហើយ​ក៏​នឹង​មាន​ជីវិត​អស់‌កល្ប​ជានិច្ច នៅ​លោក​ខាង​មុខ​ថែម​ទៀត​ផង។ មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។