ម៉ាកុស 1:9-15

ម៉ាកុស 1:9-15 គខប

នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​យ៉ូហាន ក្នុង​ទន្លេ​យ័រដាន់។ ពេល​ព្រះអង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ព្រះអង្គ​ទត​ឃើញ​ផ្ទៃ​មេឃ​រហែក​ជា​ពីរ ហើយ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះអង្គ។ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!»។ រំពេច​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។ ព្រះអង្គ​គង់​នៅ​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ត្រូវ​មារ*​សាតាំង​ល្បួង។ ព្រះអង្គ​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​មាន​ពួក​ទេវតា*​បម្រើ​ព្រះអង្គ​ផង។ ក្រោយ​គេ​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង ព្រះ‌យេស៊ូ​យាង​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ជឿ​ដំណឹង‌ល្អ​ចុះ!»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 1:9-15