មីកា ពាក្យលំនាំ
ពាក្យលំនាំ
លោកមីកាជាព្យាការីមួយរូបរស់នៅជំនាន់ព្យាការីអេសាយ លោកបម្រើព្រះអម្ចាស់ក្នុងអំឡុងឆ្នាំ ៧៤០-៧០០ មុនគ្រិស្តសករាជ។ ព្យាការីមីកាក៏ដូចជាព្យាការីអេសាយដែរ លោកនាំព្រះបន្ទូលទៅប្រកាសប្រាប់អ្នកស្រុកយូដា នៅគ្រាដែលពួកគេទទួលការគំរាមកំហែងពីសំណាក់កងទ័ពអាស្ស៊ីរី។
លោកមីកាប្រកាសប្រាប់អ្នកស្រុកថា ទឹកដីរបស់ពួកគេ ជាពិសេស ក្រុងយេរូសាឡឹមនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដូចក្រុងសាម៉ារី ជារាជធានីរបស់អាណាចក្រអ៊ីស្រាអែលខាងជើងដែរ។ លោកប្រាប់ពួកគេឲ្យដឹងថា មហន្តរាយដែលនឹងកើតមាននេះ ជាលទ្ធផលនៃអំពើបាបរបស់ពួកគេ ជាពិសេស អំពើអយុត្តិធម៌នៅក្នុងសង្គមជាតិយូដា។ សេចក្ដីដែលលោកប្រកាសក្នុងនាមព្រះអម្ចាស់ បណ្ដាលឲ្យមានការប៉ះទង្គិចជាមួយពួកមេដឹកនាំ ពួកអភិជន អ្នកគ្រប់គ្រង និងពួកបូជាចារ្យជាដើម។ លោកក៏បានប្រកាសប្រឆាំងនឹងពួកព្យាការីមួយចំនួន ដែលបោកបញ្ឆោតប្រជាជន ដោយពោលពាក្យបញ្ចើចបញ្ចើ ជាហេតុធ្វើឲ្យប្រជាជនមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ឬកែប្រែចិត្តគំនិតឡើយ។ តាមរយៈសេចក្ដីដែលលោកប្រកាស ព្យាការីមីកាចង់ណែនាំប្រជាជនឲ្យរិះគិតពិចារណា ហើយប្រកាន់យកគោលជំហរដូចតទៅ: ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយគោរពស្រឡាញ់អ្នកដទៃ។ លោកស្ដីប្រដៅប្រជាជនមែន តែលោកក៏ប្រកាសឲ្យគេដឹងថា ព្រះជាម្ចាស់មានគម្រោងការសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គនៅអនាគតកាលដែរ។
កណ្ឌគម្ពីរមីកាសង្កត់ទៅលើខ្លឹមសារពីរយ៉ាង: ព្រះជាម្ចាស់ប្រកាសថា ព្រះអង្គនឹងវិនិច្ឆ័យទោសប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីវាយប្រដៅពួកគេ (ចំពូក ១-៣ និង៦.១-៧.៧) ហើយព្រះអង្គក៏សន្យានឹងសង្គ្រោះពួកគេដែរ (ចំពូក ៤-៥ និង៧.៨-២០) ដោយស្ដារស្ថានភាពរបស់ពួកគេឡើងវិញ ហើយតែងតាំងមានស្ដេចមួយអង្គ ដែលជាពូជពង្សរបស់ព្រះបាទដាវីឌ ឲ្យគ្រងរាជ្យលើពួកគេ (៥.១-៤ក)។
ទើបបានជ្រើសរើសហើយ៖
មីកា ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.