នៅថ្ងៃដែលគេសង់កំពែងក្រុង របស់អ្នកឡើងវិញ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងកាន់តែឆ្ងាយ។ នៅថ្ងៃនោះ ប្រជាជនរបស់អ្នក នឹងវិលមករកអ្នកវិញ ពីស្រុកអាស្ស៊ីរី និងស្រុកអេស៊ីប ចាប់ពីទន្លេនីលរហូតដល់ទន្លេអឺប្រាត ចាប់ពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ចាប់ពីភ្នំមួយទៅភ្នំមួយទៀត។ ផែនដីនឹងក្លាយទៅជាទីស្មសាន ព្រោះតែអំពើអាក្រក់របស់អស់អ្នកដែលរស់ នៅលើផែនដី។ ព្រះអម្ចាស់អើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។ សូមសម្តែងព្រះបារមីដ៏រុងរឿងអស្ចារ្យ ដូច កាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់ ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្ដី។ ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួច ហើយស្ដាប់អ្វីក៏លែងឮដែរ។ ពួកគេនឹងស៊ីធូលីដីដូចពស់ និងដូចសត្វលូនវារឯទៀតៗ។ ពួកគេចេញពីកន្លែងពួនមករកព្រះអម្ចាស់ ជាព្រះនៃយើង ដោយភ័យញ័រ ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចព្រះអង្គ។ បពិត្រព្រះអម្ចាស់! តើមានព្រះណា ដែលមានព្រះហឫទ័យសប្បុរសដូចព្រះអង្គ? ព្រះអង្គលើកលែងទោសឲ្យយើងខ្ញុំ ព្រះអង្គមិនពិរោធរហូតឡើយ។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់ ប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសេសសល់ ហើយព្រះអង្គប្រណីសន្ដោសដល់ពួកគេ។ ព្រះអង្គមុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ព្រះអង្គមិនប្រកាន់ទោសរបស់យើងខ្ញុំទេ ព្រះអង្គនឹងយកអំពើបាបទាំងប៉ុន្មាន របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ ដល់កូនចៅរបស់លោកយ៉ាកុប ហើយសម្តែងព្រះហឫទ័យមេត្តាករុណា ដល់កូនចៅរបស់លោកអប្រាហាំ ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
អាន មីកា 7
ស្ដាប់នូវ មីកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 7:11-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ