មីកា 6:1-16

មីកា 6:1-16 គខប

ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល! ចូរ​ក្រោក​ឡើង! នាំ​ពាក្យ​បណ្ដឹង​ទៅ​ប្រាប់ ឲ្យ​ភ្នំ​ធំៗ និង​ភ្នំ​តូចៗ ដឹង​ឮ​ផង! ភ្នំ​ធំ​ទាំង‌ឡាយ​អើយ ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ព្រះ‌អម្ចាស់! គ្រឹះ​នៃ​ផែនដី​ដែល​មិន​ចេះ​រង្គើ​អើយ! ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​ដែល​ព្រះ‌អម្ចាស់ ចោទ​ប្រកាន់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ៖ «ប្រជា‌រាស្ត្រ​យើង​អើយ! តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ដល់​អ្នក? តើ​យើង​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក​ធុញ‌ទ្រាន់? ចូរ​ឆ្លើយ​មក​យើង​មើល៍! តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ? ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​នឹក​ចាំ​អំពី​គម្រោង‌ការ​ដែល​បាឡាក់ ជា​ស្ដេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក! ចូរ​នឹក​ចាំ​ពី​ស្ដេច​ដែល​បាឡាម ជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្ដេច​នោះ​វិញ! បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល់។ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។ ពេល​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់ តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​ជា​មួយ? ពេល​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត តើ​ខ្ញុំ​ត្រូវ​យក​កូន​គោ​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ឬ? តើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ទទួល ចៀម​ឈ្មោល​រាប់​ពាន់​ក្បាល ឬ​ប្រេង​យ៉ាង​ច្រើន​អនេក‌អនន្ត​ឬ? តើ​ខ្ញុំ​ត្រូវ​បូជា​កូន​ច្បង​របស់​ខ្ញុំ ដើម្បី​សុំ​ព្រះអង្គ​លើក‌លែង​ទោស ឬ​បូជា​កូន​ចៅ​របស់​ខ្ញុំ​ថ្វាយ​ព្រះអង្គ ដើម្បី​សុំ​រំដោះ​បាប​ឬ? ឱ​មនុស្ស​អើយ គេ​បាន​ប្រៀន‌ប្រដៅ​អ្នក ឲ្យ​ស្គាល់​ការ​ណា​ដែល​ល្អ និង​ការ​ណា​ដែល​ព្រះ‌អម្ចាស់ សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ធ្វើ គឺ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​យុត្តិធម៌ ស្រឡាញ់​ភាព​ស្មោះ​ត្រង់ ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរតាម​មាគ៌ា នៃ​ព្រះ​របស់​អ្នក។ ព្រះ‌អម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ទៅ​កាន់​អ្នក​ក្រុង ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កោតខ្លាច ព្រះ‌នាម​របស់​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​អើយ ចូរ​នាំ​គ្នា​ស្ដាប់! បើ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់ នៅ​តែ​មាន​ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត និង​មាន​ថាំង​រង្វាល់​តូច​ជ្រុល ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច្នេះ តើ​ឲ្យ​យើង​ទ្រាំ​បាន​ឬ? តើ​អ្នក​ស្មាន​ថា​យើង​អត់‌ឱន​ឲ្យ អ្នក​ប្រើ​ជញ្ជីង​មិន​ត្រឹម​ត្រូវ និង​អ្នក​បំបាត់​ភ្នែក​ជញ្ជីង​ឬ? អ្នក​មាន​នៅ​ក្រុង​នេះ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ អ្នក​ក្រុង​នេះ​គិត​តែ​និយាយ​កុហក និង​បោក​បញ្ឆោត​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រហារ​ទីក្រុង រហូត​ដល់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចុក​ចាប់។ ព្រោះ​តែ​អំពើ​បាប​របស់​អ្នក យើង​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​វិនាស។ អ្នក​បរិភោគ​តែ​ពុំ​ចេះ​ឆ្អែត​ទេ អ្នក​នឹង​ជួប​ទុរ្ភិក្ស អ្នក​ប្រមូល​ស្បៀង​អាហារ​ទុក តែ​ទុក​មិន​ចេះ​គង់។ អ្វីៗ​ដែល​អ្នក​ប្រមូល​ទុក យើង​នឹង​ធ្វើ​ឲ្យ​វិនាស​ដោយ​សារ​សង្គ្រាម។ សាប​ព្រោះ តែ​ពុំ​អាច​ច្រូត​យក​ផល​បាន​ទេ អ្នក​កិន​ផ្លែ​អូលីវ តែ​មិន​បាន​ប្រើ​ប្រេង​នេះ អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ តែ​មិន​បាន​ផឹក​ស្រា​នេះ​ទេ។ អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរី និង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មាន ដែល​រាជ‌វង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្ត អ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​តក់‌ស្លុត ហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។ អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជា‌ជន របស់​យើង»។