មីកា 1:1-7

មីកា 1:1-7 គខប

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ា‌ស៊ីត តាម​រយៈ​និមិត្ត‌ហេតុ​អស្ចារ្យ​ស្ដី​អំពី​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។ ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់! ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់! ព្រះ‌ជា‌អម្ចាស់​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា ពី​ទីសក្ការៈ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់​ចុះ​មក ព្រះអង្គ​យាង​នៅ​តាម​ទី​ខ្ពស់​នៃ​ផែនដី។ ភ្នំ​ទាំង‌ឡាយ​ស្រុត​ចុះ​នៅ​ក្រោម​ព្រះ‌បាទា ហើយ​ជ្រលង​ភ្នំ​ទាំង‌ឡាយ​ក៏​ត្រូវ​រលាយ ដូច​ក្រមួន​រលាយ​នៅ​មុខ​ភ្លើង ឬ​ដូច​ទឹក​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ​ដែរ។ ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​លោក​យ៉ាកុប និង​អំពើ​បាប​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ តើ​នរណា​នាំ​ឲ្យ​កូន​ចៅ របស់​លោក​យ៉ាកុប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត? គឺ​ក្រុង​សាម៉ារី! តើ​នរណា​នាំ​ឲ្យ​យូដា​គោរព ព្រះ​ក្លែងក្លាយ​នៅ​តាម​ទី​ខ្ពស់? គឺ​ក្រុង​យេរូ‌សាឡឹម! យើង​នឹង​ធ្វើ​ឲ្យ​សាម៉ារី​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​ចម្ការ​មួយ​ដែល​គេ​ដាំ​ទំពាំង‌បាយជូរ យើង​នឹង​រុញ​គំនរ​ឥដ្ឋ​របស់​ក្រុង​នេះ ទម្លាក់​ទៅ​ក្នុង​ជ្រោះ ហើយ​បំផ្លាញ​ទីក្រុង​ឲ្យ​នៅ​សល់​តែ​គ្រឹះ។ រូប​បដិមា​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បាក់​បែក គ្រឿង​សក្ការៈ​បូជា​ទាំង​ប៉ុន្មាន​ដែល​គេ​យក មក​សែន​រូប​ទាំង​នោះ នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង។ យើង​នឹង​កម្ទេច​ព្រះ​ក្លែងក្លាយ​ទាំង​អស់ រូប​ព្រះ​ទាំង​នោះ​ជា​ផល​នៃ​អំពើ​ពេស្យា‌ចារ ដូច្នេះ គេ​នឹង​យក​រូប​ទាំង​នោះ​ទៅ​បង់​ថ្លៃ ស្រី​ពេស្យា។