ម៉ាថាយ 26:47-63
ម៉ាថាយ 26:47-63 គខប
ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្ស*ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមកដល់ ទាំងមានបណ្ដាជនជាច្រើនកាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជនបានចាត់អ្នកទាំងនោះឲ្យមក។ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយគេនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»។ កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកព្រះយេស៊ូទូលថា៖ «ជម្រាបសួរព្រះគ្រូ!» រួចថើបព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ* ដាច់ស្លឹកត្រចៀក។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកនោះថា៖ «ស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវនឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ អ្នកស្មានថា ខ្ញុំមិនអាចអង្វរករព្រះបិតាខ្ញុំឲ្យចាត់ទេវតាជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ? តែបើធ្វើដូច្នោះ ធ្វើម្ដេចនឹងបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ អំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ!»។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងព្រះវិហារ*ជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។ ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរព្យាការី*។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។ លុះចាប់ព្រះយេស៊ូបានហើយ គេបណ្ដើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផា ជាមហាបូជាចារ្យ*។ ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ* ជួបជុំគ្នានៅទីនោះ។ លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយជាមួយកងរក្សាព្រះវិហារ ចង់ដឹងថាហេតុការណ៍នឹងទៅជាយ៉ាងណា។ ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ ទោះបីមានមនុស្សជាច្រើនធ្វើសាក្សីក្លែងក្លាយក៏ដោយ ក៏គេរកមិនបានដែរ។ នៅទីបំផុត មានបុរសពីរនាក់នាំគ្នាចូលមក ពោលថា៖ «អ្នកនេះបានអះអាងថា “ខ្ញុំអាចរុះព្រះវិហាររបស់ព្រះជាម្ចាស់ចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ”»។ ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើង សួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ?»។ ព្រះយេស៊ូនៅស្ងៀម។ លោកមហាបូជាចារ្យសួរព្រះអង្គទៀតថា៖ «ចូរស្បថដោយយកព្រះដ៏មានព្រះជន្មគង់នៅធ្វើជាប្រធាន តើអ្នកពិតជាព្រះគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនឬ?»។

