នែ! ពួកអាចារ្យ* និងពួកផារីស៊ី*ដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារមិនឲ្យមនុស្សចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ* អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង។ [ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវទទួលទោសយ៉ាងធ្ងន់មិនខាន]។ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និងតាមផ្លូវគោក ស្វែងរកបញ្ចុះបញ្ចូលគេ ឲ្យចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់ឲ្យបានមនុស្សម្នាក់ដែរ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយទ្វេជាពីរ។ ពួកអ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នានិយាយថា “បើអ្នកណាស្បថដោយយកព្រះវិហារ*ធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកមាសរបស់ព្រះវិហារធ្វើជាសាក្សី ទើបយកជាការបាន”។ មនុស្សលេលា កង្វាក់អើយ! មាស និងព្រះវិហារដែលធ្វើឲ្យមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង? អ្នករាល់គ្នានិយាយទៀតថា “អ្នកណាស្បថដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន”។ មនុស្សកង្វាក់អើយ! តង្វាយដែលគេថ្វាយលើអាសនៈ និងអាសនៈដែលធ្វើឲ្យតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង? ដូច្នេះ អ្នកណាស្បថដោយយកអាសនៈជាសាក្សី អ្នកនោះមានទាំងអាសនៈ មានទាំងអ្វីៗនៅលើអាសនៈជាសាក្សីមែន។ អ្នកណាស្បថដោយយកព្រះវិហារជាសាក្សី អ្នកនោះមានទាំងព្រះវិហារ មានទាំងព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារជាសាក្សីដែរ។ អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទាំងព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កជាសាក្សី។ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាលះបង់ក្រឹត្យវិន័យ*សំខាន់ៗចោល មានសេចក្ដីសុចរិត មេត្តាករុណាធម៌ និងជំនឿស្មោះត្រង់ជាដើម។ វិន័យទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាមដោយឥតលះបង់ចោលប្រការឯទៀតៗ។ អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសម្អាតពែង និងចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការកេងប្រវ័ញ្ច និងការលោភលន់។ ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសម្អាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធ*ដែរ។ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែបយ៉ាង។ អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសម្តែងឫកពារខាងក្រៅឲ្យមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញ។ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យពួកព្យាការី ព្រមទាំងតុបតែងផ្នូររបស់មនុស្សសុចរិត ដោយពោលថា: “ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស* នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួកព្យាការីឡើយ”។ អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ដូច្នេះ ចូរបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាឲ្យបានសម្រេចទៅ! នែ ពួកពស់ពូជពស់វែកអើយ! ធ្វើម្ដេចឲ្យអ្នករាល់គ្នាគេចផុតពីទោសធ្លាក់នរកបាន? ហេតុនេះ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និងអាចារ្យឲ្យមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និងវាយធ្វើបាបខ្លះក្នុងសាលាប្រជុំ* ព្រមទាំងតាមបៀតបៀនគេពីក្រុងមួយទៅក្រុងមួយផង។ ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការៈ* និងអាសនៈ*។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងថា ទោសទាំងនោះនឹងត្រូវធ្លាក់មកលើមនុស្សជំនាន់នេះជាមិនខាន។ «អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី* និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។ ហេតុនេះ ផ្ទះរបស់អ្នករាល់គ្នា នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ពីពេលនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថា: “សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងនាមព្រះអម្ចាស់!” »។
អាន ម៉ាថាយ 23
ស្ដាប់នូវ ម៉ាថាយ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 23:13-39
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ