ម៉ាថាយ 23:1-28

ម៉ាថាយ 23:1-28 គខប

ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន និង​ពួក​សិស្ស*​ថា៖ «ពួក​អាចារ្យ* និង​ពួក​ផារីស៊ី* មាន​ភារ‌កិច្ច​បង្រៀន​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ*។ អ្វីៗ​ដែល​គេ​បង្រៀន​អ្នក​រាល់​គ្នា ចូរ​ស្ដាប់ ហើយ​យក​ទៅ​ប្រតិបត្តិ​តាម​ទៅ តែ​កុំ​យក​តម្រាប់​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ឡើយ ដ្បិត​គេ​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​គេ​បង្រៀន​នោះ​ទេ។ អ្នក​ទាំង​នោះ​បាន​បង្កើត​វិន័យ​យ៉ាង​តឹង‌រ៉ឹង យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​មិន​ជួយ​សម្រាល​បន្ទុក​នោះ​ទេ សូម្បី​តែ​បន្តិច‌បន្តួច​ក៏​មិន​ជួយ​ផង។ គេ​ធ្វើ​កិច្ចការ​ផ្សេងៗ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ គឺ​គេ​ធ្វើ​ក្លាក់ ​កាន់​តែ​ធំ​ឡើងៗ និង​ធ្វើ​ខ្សែ​រំយោល នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។ ពួក​គេ​ចូល​ចិត្ត​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់‌លៀង ហើយ​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ*។ ពួក​នេះ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព នៅ​តាម​ផ្សារ និង​ឲ្យ​គេ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ”។ រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ” សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌គ្រូ” តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បងប្អូន​នឹង​គ្នា។ កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា “ព្រះ‌បិតា” ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន“ព្រះ‌បិតា”តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ កុំ​ឲ្យ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា​“មគ្គទេសក៍”​ឡើយ ដ្បិត​មាន​តែ​ព្រះ‌គ្រិស្ត​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គទេសក៍​របស់​អ្នក​រាល់​គ្នា។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។ នែ! ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង។ [ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ឆ‌បោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​មិន​ខាន]។ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​តាម​ផ្លូវ​គោក ស្វែង​រក​បញ្ចុះ‌បញ្ចូល​គេ ឲ្យ​ចូល​សាសនា​របស់​អ្នក​រាល់​គ្នា យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មនុស្ស​ម្នាក់​ដែរ។ លុះ​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​រឹត​តែ​អាក្រក់​ជួ‌ជាតិ ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។ ពួក​អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា “បើ​អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ*​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​មាស​របស់​ព្រះ‌វិហារ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។ មនុស្ស​លេ‌លា កង្វាក់​អើយ! មាស និង​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​វត្ថុ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង? អ្នក​រាល់​គ្នា​និយាយ​ទៀត​ថា “អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​តង្វាយ​លើ​អាសនៈ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។ មនុស្ស​កង្វាក់​អើយ! តង្វាយ​ដែល​គេ​ថ្វាយ​លើ​អាសនៈ និង​អាសនៈ​ដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​តង្វាយ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង? ដូច្នេះ អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​អាសនៈ មាន​ទាំង​អ្វីៗ​នៅ​លើ​អាសនៈ​ជា​សាក្សី​មែន។ អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ព្រះ‌វិហារ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ជា​សាក្សី​ដែរ។ អ្នក​ណា​ស្បថ​ដោយ​យក​ស្ថាន​បរម‌សុខ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ជា​សាក្សី។ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរ‌អង្កាម ជីរ‌នាង‌វង និង​ម្អម​មួយ​ភាគ​ដប់​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​លះ‌បង់​ក្រឹត្យ‌វិន័យ*​សំខាន់ៗ​ចោល មាន​សេចក្ដី​សុចរិត មេត្តា‌ករុណា​ធម៌ និង​ជំនឿ​ស្មោះ​ត្រង់​ជា​ដើម។ វិន័យ​ទាំង​ប៉ុន្មាន​ប្រការ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រតិបត្តិ​តាម​ដោយ​ឥត​លះ‌បង់​ចោល​ប្រការ​ឯ​ទៀតៗ។ អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​មូស​ចេញ​ពី​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​លេប​ដំរី​មួយ​ទាំង​មូល​ទៅ​វិញ!។ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចាន តែ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ផល​ដែល​កើត​មក​ពី​ការ​កេង‌ប្រវ័ញ្ច និង​ការ​លោភ‌លន់។ ពួក​ផារី​ស៊ី​ដ៏​កង្វាក់​អើយ! ចូរ​សម្អាត​ផ្នែក​ខាង​ក្នុង​ពែង​ជា​មុន​សិន ទើប​អ្វីៗ​នៅ​ខាង​ក្រៅ​បាន​ស្អាត​បរិសុទ្ធ*​ដែរ។ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ ដែល​គេ​លាប​កំបោរ​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ឆ្អឹង​សាក‌សព និង​ធាតុ​រលួយ​សព្វ​បែប​យ៉ាង។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​សម្តែង​ឫក‌ពារ​ខាង​ក្រៅ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា អ្នក​រាល់​គ្នា​សុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ