ម៉ាថាយ 22:1-14

ម៉ាថាយ 22:1-14 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖ «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​រៀប​វិវាហ‌មង្គល​ការ​ព្រះ‌រាជ​បុត្រ។ ព្រះ‌រាជា​ចាត់​រាជ​បម្រើ​ឲ្យ​ទៅ​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ក្នុង​ឱកាស​មង្គល​ការ​នោះ តែ​គ្មាន​នរណា​មក​សោះ។ ព្រះអង្គ​ចាត់​រាជ​បម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ​ជម្រាប​ភ្ញៀវ​ថា: “យើង​បាន​រៀបចំ​ភោជនា‌ហារ​សម្រាប់​ជប់‌លៀង គឺ​បាន​សម្លាប់​គោ និង​សម្លាប់​សត្វ​ដែល​បាន​បំប៉ន​នោះ​រួច​រាល់​អស់​ហើយ សូម​អញ្ជើញ​មក​ពិសា​ការ!”។ ប៉ុន្តែ ភ្ញៀវ​មិន​រវី‌រវល់​អើពើ​ឡើយ អ្នក​ខ្លះ​ទៅ​ចម្ការ អ្នក​ខ្លះ​ទៅ​ធ្វើ​ជំនួញ អ្នក​ខ្លះ​ទៀត​ចាប់​ពួក​រាជ​បម្រើ​វាយ​ធ្វើ​បាប ព្រម​ទាំង​សម្លាប់​ចោល​ថែម​ទៀត។ ព្រះ‌រាជា​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​ប្រហារ​ជីវិត​ឃាតក​ទាំង​នោះ ហើយ​ដុត​កម្ទេច​ស្រុក​ភូមិ​របស់​គេ​ផង។ បន្ទាប់​មក ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថា: “យើង​បាន​រៀបចំ​ពិធី​មង្គល‌ការ​រួច​ស្រេច​ហើយ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​មិន​សម​នឹង​មក​ចូល​រួម​ទេ។ ហេតុ​នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​តាម​ផ្លូវ​កែង ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ជួប ឲ្យ​មក​ជប់‌លៀង”។ ពួក​រាជ​បម្រើ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​មនុស្ស‌ម្នា ដែល​គេ​បាន​ជួប​ទាំង​ប៉ុន្មាន​មក ទាំង​អាក្រក់ ទាំង​ល្អ។ ពេល​នោះ មាន​ភ្ញៀវ​ពេញ​រោង​ការ។ ព្រះ‌រាជា​យាង​ចូល​មក​មើល​ភ្ញៀវ​នៅ​ក្នុង​រោង​ការ ទត​ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​មិន​ត្រូវ​នឹង​របៀប​ពិធី​ការ ព្រះរាជា​ក៏​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា “សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​មង្គល‌ការ​ដូច្នេះ” បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។ ព្រះ‌រាជា​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា “ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ សែង​យក​ទៅ​ចោល​នៅ​ទី‌ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​មនុស្ស​ទាំង​អស់ តែ​ព្រះអង្គ​ជ្រើស​រើស​យក​បាន​ចំនួន​តិច​ទេ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 22:1-14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ