ម៉ាថាយ 2:13-23

ម៉ាថាយ 2:13-23 គខប

កាល​ពួក​ហោរា‌ចារ្យ​ចាក​ចេញ​ផុត​ទៅ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប ក្នុង​សុបិន​និមិត្ត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះអង្គ រត់​ទៅ​ស្រុក​អេស៊ីប​ទៅ។ ចូរ​ស្នាក់​នៅ​ស្រុក​នោះ​រហូត​ដល់​យើង​ប្រាប់​ឲ្យ​វិល​ត្រឡប់​មក​វិញ សឹម​មក ដ្បិត​ស្ដេច​ហេរ៉ូដ​រក​ធ្វើ​គុត​ព្រះ‌ឱរស»។ លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះអង្គ រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ទាំង​យប់។ គាត់​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ថា៖ «យើង​បាន​ហៅ​បុត្រ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក» ។ ព្រះ‌បាទ​ហេរ៉ូដ​យល់​ថា​ពួក​ហោរា‌ចារ្យ​បាន​បំបាក់​មុខ​ព្រះអង្គ ស្ដេច​ទ្រង់​ព្រះ‌ពិរោធ​ក្រៃ‌លែង ហើយ​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ពី​ពីរ​ខួប​ចុះ នៅ​ភូមិ​បេថ្លេ‌ហិម និង​ភូមិ​ជិត​ខាង គឺ​គិត​ចាប់​តាំង​ពី​ពេល​កំណត់​ដែល​ផ្កាយ​ត្រូវ​រះ ដូច​ស្ដេច​បាន​សួរ​បញ្ជាក់​ពួក​ហោរា‌ចារ្យ។ ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​យេរេមា​ថា៖ «មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក ជា​ទំនួញ​សោក‌សៅ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​សម្រាល​ទុក្ខ​ឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ» ។ កាល​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត​ផុត​ទៅ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះអង្គ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌កុមារ ស្លាប់​បាត់​អស់​ទៅ​ហើយ»។ លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះអង្គ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រា‌អែល​វិញ។ ប៉ុន្តែ កាល​លោក​ដឹង​ថា ព្រះ‌បាទ​អើខេ‌ឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ព្រះ‌បាទ​ហេរ៉ូដ​ជា​ព្រះ‌បិតា លោក​ខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ លោក​ភៀស​ខ្លួន​ទៅ​ស្រុក​កាលី‌ឡេ ដោយ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ឲ្យ​ដឹង ក្នុង​សុបិន​និមិត្ត។ លោក​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី​ដែល​ពួក​ព្យាការី*​បាន​ថ្លែង​ទុក​ថា៖ «គេ​នឹង​ហៅ​ព្រះអង្គ​ថា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ