ព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើត មកដល់ក្រុងយេរូសាឡឹម សួរថា៖ «ព្រះមហាក្សត្ររបស់ជនជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ស្ដេចរន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយស្ដេចដែរ។ ព្រះរាជាត្រាស់ហៅពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះគ្រិស្ត*ត្រូវប្រសូត។ គេទូលស្ដេចថា ព្រះគ្រិស្តត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈព្យាការី*ថា៖ «ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយរូបកើតចេញពីអ្នក លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង» ។ ពេលនោះ ព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។ បន្ទាប់មក ស្ដេចចាត់ហោរាចារ្យទាំងនោះឲ្យទៅភូមិបេថ្លេហិម ដោយមានរាជឱង្ការថា៖ «សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីព្រះឱរសនោះឲ្យបានច្បាស់លាស់។ កាលបើបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឲ្យយើងបានទៅថ្វាយបង្គំព្រះអង្គដែរ»។ ក្រោយពីបានទទួលរាជឱង្ការហើយ គេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលព្រះឱរសគង់ ទើបឈប់។ កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្តពន់ប្រមាណ គេចូលទៅក្នុងផ្ទះ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស មកថ្វាយព្រះអង្គ។ បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ត មិនឲ្យវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។
អាន ម៉ាថាយ 2
ស្ដាប់នូវ ម៉ាថាយ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 2:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ