ម៉ាថាយ 2:1-12

ម៉ាថាយ 2:1-12 គខប

ព្រះ‌យេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា នា​រជ្ជ‌កាល​ព្រះ‌បាទ​ហេរ៉ូដ។ មាន​ពួក​ហោរា‌ចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូ‌សាឡឹម សួរ​ថា៖ «ព្រះ‌មហាក្សត្រ​របស់​ជន‌ជាតិ​យូដា ដែល​ទើប​នឹង​ប្រសូត​គង់​នៅ​ឯ​ណា? យើង​ខ្ញុំ​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ​រះ​នៅ​ទិស​ខាង​កើត ហើយ​យើង​ខ្ញុំ​មក​ថ្វាយ‌បង្គំ​ព្រះអង្គ»។ កាល​ព្រះ‌បាទ​ហេរ៉ូដ​ឮ​ដំណឹង​នេះ ស្ដេច​រន្ធត់​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​ក៏​រន្ធត់​ចិត្ត​ជា​មួយ​ស្ដេច​ដែរ។ ព្រះ‌រាជា​ត្រាស់​ហៅ​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​មក ដើម្បី​សួរ​គេ​ពី​ទី​កន្លែង​ដែល​ព្រះ‌គ្រិស្ត*​ត្រូវ​ប្រសូត។ គេ​ទូល​ស្ដេច​ថា ព្រះ‌គ្រិស្ត​ត្រូវ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​តាម​រយៈ​ព្យាការី*​ថា៖ «ភូមិ​បេថ្លេ‌ហិម​ជា​ដែន​ដី​យូដា​អើយ! ក្នុង​បណ្ដា​ក្រុង​សំខាន់ៗ​នៃ​ស្រុក​យូដា អ្នក​មិន​មែន​តូច​ជាង​គេ​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​មួយ​រូប​កើត​ចេញ​ពី​អ្នក លោក​នឹង​ថែ‌រក្សា​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង» ។ ពេល​នោះ ព្រះ‌បាទ​ហេរ៉ូដ​ហៅ​ពួក​ហោរា‌ចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។ បន្ទាប់​មក ស្ដេច​ចាត់​ហោរា‌ចារ្យ​ទាំង​នោះ​ឲ្យ​ទៅ​ភូមិ​បេថ្លេ‌ហិម ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើប‌សួរ​ដំណឹង​អំពី​ព្រះ‌ឱរស​នោះ​ឲ្យ​បាន​ច្បាស់​លាស់។ កាល​បើ​បាន​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ»។ ក្រោយ​ពី​បាន​ទទួល​រាជ‌ឱង្ការ​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត នាំ​មុខ​គេ​រហូត​ដល់​កន្លែង​ដែល​ព្រះ‌ឱរស​គង់ ទើប​ឈប់។ កាល​ហោរា‌ចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ គេ​សប្បាយ​ចិត្ត​ពន់​ប្រមាណ គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះ‌ឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី​ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះអង្គ។ បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ ក្នុង​សុបិន​និមិត្ត មិន​ឲ្យ​វិល​ទៅ​គាល់​ព្រះ‌បាទ​ហេរ៉ូដ​វិញ​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 2:1-12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ