ម៉ាថាយ 19:1-9
ម៉ាថាយ 19:1-9 គខប
កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏ចាកចេញពីស្រុកកាលីឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ក្នុងស្រុកយូដា។ មហាជនច្រើនកុះករនាំគ្នាមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសអ្នកជំងឺឲ្យជានៅទីនោះ។ មានពួកខាងគណៈផារីស៊ី*ចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូង ព្រះអាទិករ*បានបង្កើតមនុស្សមកជាបុរស ជាស្ត្រី រួចព្រះអង្គមានព្រះបន្ទូលថា: “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ” ។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពួកគេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបញ្ជាឲ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។

