ពេលពួកសិស្សរបស់លោកយ៉ូហានចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? រកមើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង គេរស់នៅក្នុងដំណាក់ស្ដេចឯណោះ!។ បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី*ម្នាក់ឬ? ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា “យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ” ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងលោកយ៉ូហានបាទីស្ដឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ* អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។ តាំងពីជំនាន់លោកយ៉ូហានបាទីស្ដមកទល់សព្វថ្ងៃ ព្រះរាជ្យនៃស្ថានបរមសុខបានរងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកព្រះរាជ្យនេះផង។ តាំងពីដើមរហូតមកដល់ជំនាន់លោកយ៉ូហាន ព្យាការីទាំងអស់បានថ្លែងទុកអំពីព្រះរាជ្យនេះ ហើយក្នុងក្រឹត្យវិន័យ*ក៏មានចែងទុកដែរ។ ជឿខ្ញុំចុះ លោកយ៉ូហានហ្នឹងហើយជាព្យាការីអេលីយ៉ាដែលត្រូវមក។ អ្នកណាឮពាក្យនេះ សុំយកទៅពិចារណាទៅ! តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេងដែលអង្គុយលេងនៅតាមផ្សារ ហើយស្ដីបន្ទោសគ្នាទៅវិញទៅមកថា: “យើងបានផ្លុំខ្លុយ តែពួកឯងពុំព្រមរាំទេ យើងបានស្មូត្របទទំនួញ ក៏ពួកឯងពុំព្រមគក់ទ្រូងយំដែរ”។ យ៉ាងណាមិញ លោកយ៉ូហានបានមក លោកតមអាហារ តមសុរា តែគេថាលោកមានអារក្សចូល រីឯបុត្រមនុស្ស*ក៏បានមកដែរ លោកបរិភោគអាហារ និងពិសាសុរា តែគេថា “មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ* និងមនុស្សបាប”។ ប៉ុន្តែ មនុស្សលោកទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលព្រះអង្គធ្វើ»។ ពេលនោះ ព្រះអង្គចាប់ផ្ដើមស្ដីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបានឃើញព្រះអង្គសម្តែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្តគំនិតសោះ៖ «អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។ អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យ ដែលកើតមាននៅកណ្ដាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្ស ដរាបមកទល់សព្វថ្ងៃជាមិនខាន។ ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។ នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ* និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្តែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែព្រះអង្គបានលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្តែងឲ្យស្គាល់នោះដែរ»។ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។
អាន ម៉ាថាយ 11
ស្ដាប់នូវ ម៉ាថាយ 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 11:7-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ