ម៉ាថាយ 10:1-31

ម៉ាថាយ 10:1-31 គខប

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់ ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​ជា​ផង។ សាវ័ក*​ទាំង​ដប់‌ពីរ​មាន​នាម​ដូច​ត​ទៅ: អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេ‌ដេ ភីលីព និង​បារថូ‌ឡូមេ ថូ‌ម៉ាស និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ* យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ និង​ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស​អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។ ព្រះ‌យេស៊ូ​ចាត់​សិស្ស*​ទាំង​ដប់‌ពីរ​រូប​នេះ​ឲ្យ​ទៅ ដោយ​ផ្ដែ‌ផ្ដាំ​ថា៖ «កុំ​ទៅ​រក​សាសន៍​ដទៃ​ឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុង​ភូមិ​របស់​ជន‌ជាតិ​សាម៉ារី​ដែរ គឺ​ត្រូវ​ទៅ​ស្វែង​រក​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​នោះ​វិញ។ ពេល​ធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ថា "ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​មក​ជិត​បង្កើយ​ហើយ"។ ចូរ​មើល​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* ដេញ​អារក្ស​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។ កុំ​រក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ថង់​ឡើយ ហើយ​កុំ​យក​ថង់​យាម កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​តែ​ទទួល​ម្ហូប​អាហារ។ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ភូមិ ឬ​ក្រុង​ណា​មួយ ចូរ​សួរ​រក​អ្នក​ដែល​សម​នឹង​ទទួល​អ្នក​រាល់​គ្នា​ឲ្យ​ស្នាក់​នៅ។ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។ ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ត្រូវ​ជម្រាប​សួរអ្នក​ផ្ទះ​នោះ ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ‌សាន្ត​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​ជម្រាប​សួរ​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។ បើ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ហើយ​បើ​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ផ្ទះ​នោះ ឬ​ពី​ក្រុង​នោះ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​ផង។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ា នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​ក្រុង​នោះ»។ «ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។ ចូរ​ប្រយ័ត្ន កុំ​ទុក​ចិត្ត​មនុស្ស​លោក​ឲ្យ​សោះ ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលា​ការ គេ​នឹង​យក​រំពាត់​ខ្សែ‌តី​មក​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​នានា​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្តែ ពេល​នោះ​ជា​ឱកាស​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ឲ្យ​ពួក​លោក និង​ឲ្យ​សាសន៍​ដទៃ ដឹង​ឮ​ទៅ​វិញ។ ពេល​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស ចូរ​កុំ​ភ័យ​បារម្ភ​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​យ៉ាង​ណាៗ​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​ពេល​នោះ​តែ​ម្ដង។ មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។ បងប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង​ទៅ​ឲ្យ​គេ​សម្លាប់​ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ ប្រសិន​បើ​គេ​បៀត‌បៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត។ ពុំ​ដែល​មាន​សិស្ស​ណា​ចេះ​ជាង​គ្រូ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​អ្នក​បម្រើ​ណា​ធំ​ជាង​ម្ចាស់​ដែរ បើ​សិស្ស​ចេះ​ដូច​គ្រូ ហើយ​អ្នក​បម្រើ​ដូច​ម្ចាស់ នោះ​ល្មម​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ឲ្យ​ឈ្មោះ​ម្ចាស់​ផ្ទះ​ថា បេល‌សេ‌ប៊ូល​ទៅ​ហើយ គេ​មុខ​ជា​ឲ្យ​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ​រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​មិន​ខាន»។ «កុំ​ខ្លាច​ពួក​អ្នក​ទាំង​នោះ​ឡើយ ដ្បិត​ការ​លាក់​កំបាំង​ទាំង​អស់​នឹង​ត្រូវ​បើក​ឲ្យ​គេ​ឃើញ ហើយ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ក៏​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង​ដែរ។ អ្វីៗ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​យក​ទៅ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ខ្សឹប​ដាក់​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​លើ​ផ្ទះ។ កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់​វិញ ព្រោះ​ព្រះអង្គ​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បាន។ ធម្មតា​គេ​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន។ ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ប្រសិន​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​ទេ​នោះ ក៏​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ចុះ​ដល់​ដី​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ សូម្បី​តែ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា​ក៏​ព្រះអង្គ​រាប់​អស់​ដែរ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ទាំង​អស់​ទៅ​ទៀត»។