ម៉ាថាយ 10:1-15

ម៉ាថាយ 10:1-15 គខប

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់ ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​ជា​ផង។ សាវ័ក*​ទាំង​ដប់‌ពីរ​មាន​នាម​ដូច​ត​ទៅ: អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេ‌ដេ ភីលីព និង​បារថូ‌ឡូមេ ថូ‌ម៉ាស និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ* យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ និង​ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស​អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។ ព្រះ‌យេស៊ូ​ចាត់​សិស្ស*​ទាំង​ដប់‌ពីរ​រូប​នេះ​ឲ្យ​ទៅ ដោយ​ផ្ដែ‌ផ្ដាំ​ថា៖ «កុំ​ទៅ​រក​សាសន៍​ដទៃ​ឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុង​ភូមិ​របស់​ជន‌ជាតិ​សាម៉ារី​ដែរ គឺ​ត្រូវ​ទៅ​ស្វែង​រក​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​នោះ​វិញ។ ពេល​ធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ថា "ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​មក​ជិត​បង្កើយ​ហើយ"។ ចូរ​មើល​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* ដេញ​អារក្ស​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។ កុំ​រក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ថង់​ឡើយ ហើយ​កុំ​យក​ថង់​យាម កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​តែ​ទទួល​ម្ហូប​អាហារ។ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ភូមិ ឬ​ក្រុង​ណា​មួយ ចូរ​សួរ​រក​អ្នក​ដែល​សម​នឹង​ទទួល​អ្នក​រាល់​គ្នា​ឲ្យ​ស្នាក់​នៅ។ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។ ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ត្រូវ​ជម្រាប​សួរអ្នក​ផ្ទះ​នោះ ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ‌សាន្ត​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​ជម្រាប​សួរ​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។ បើ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ហើយ​បើ​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ផ្ទះ​នោះ ឬ​ពី​ក្រុង​នោះ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​ផង។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ា នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​ក្រុង​នោះ»។