ម៉ាឡាគី 3:6-12

ម៉ាឡាគី 3:6-12 គខប

«យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ប្រែ‌ប្រួល​ទេ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជា កូន​ចៅ​យ៉ាកុប​ដដែល»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ច្បាប់​របស់​យើង គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។ ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។ អ្នក​រាល់​គ្នា​ពោល​ថា: “យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។ តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង! អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ! ព្រោះ​ប្រជា‌ជាតិ​ទាំង​មូល បាន​កេង‌ប្រវ័ញ្ច​យើង»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ ក្នុង​ដំណាក់​របស់​យើង។ ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា យើង​នឹង​បើក​ផ្ទៃ​មេឃ បង្ហូរ​ព្រះ‌ពរ​ដ៏​លើស‌លុប​មក​លើ​អ្នក​រាល់​គ្នា»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​រារាំង​សត្វ​ល្អិត​មិន​ឲ្យ​បំផ្លាញ ដំណាំ​របស់​អ្នក​រាល់​គ្នា ហើយ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នា នឹង​ផ្ដល់​ភោគ‌ផល​បរិបូណ៌»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា អ្នក​រាល់​គ្នា​ពិត​ជា​មាន​សុភមង្គល​មែន ដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រុក​មួយ ដ៏​សម្បូណ៌‌សប្បាយ»។