លូកា 9:1-36

លូកា 9:1-36 គខប

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​មក​ជួប‌ជុំ​គ្នា ហើយ​ព្រះអង្គ​ប្រទាន​ឫទ្ធា‌នុភាព ប្រទាន​អំណាច​ឲ្យ​គេ​បណ្ដេញ​អារក្ស​ទាំង​អស់ និង​មើល​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា។ ព្រះអង្គ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​មើល​អ្នក​ជំងឺ​ឲ្យ​ជា​ផង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ចេញ​ដំណើរ​ទៅ កុំ​យក​អ្វី​ទៅ​ជា​មួយ​ឡើយ ទោះ​បី​ដំបង​ក្ដី ថង់​យាម​ក្ដី ចំណី​អាហារ ឬ​ប្រាក់​កាស​ក្ដី ហើយ​ក៏​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ដែរ។ បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។ បើ​ភូមិ​ណា​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ »។ ពួក​សិស្ស*​នាំ​គ្នា​ចេញ​ទៅ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​ឲ្យ​ជា​ផង។ កាល​ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្ដេច​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ”។ អ្នក​ខ្លះ​ទៀត​និយាយ​ថា“ព្យាការី*​អេលីយ៉ា​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ” ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា “មាន​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​បាន​រស់​ឡើង​វិញ”។ រីឯ​ព្រះ‌បាទ​ហេរ៉ូដ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ឲ្យ​គេ​កាត់​ក​យ៉ូហាន​ស្លាប់​បាត់​ទៅ​ហើយ ចុះ​បុរស​ដែល​គេ​និយាយ​ថា​បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ជា​នរណា?»។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​ចង់​ជួប​ព្រះ‌យេស៊ូ។ សាវ័ក*​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ រៀប​រាប់​ទូល​ព្រះ‌យេស៊ូ​នូវ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​គេ​បាន​ធ្វើ។ ព្រះអង្គ​នាំ​គេ​ចេញ​ដាច់​ឡែក​ពី​មហា‌ជន តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេតសៃ‌ដា តែ​មហា‌ជន​ដឹង ក៏​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ។ ព្រះ‌យេស៊ូ​ទទួល​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​គេ​ស្ដាប់ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ផង។ ដល់​ថ្ងៃ​ជិត​លិច សិស្ស​ទាំង​ដប់‌ពីរ​រូប​ចូល​ទៅ​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះអង្គ​ប្រាប់​ឲ្យ​បណ្ដា‌ជន​ចេញ​ទៅ​រក​ម្ហូប​អាហារ រក​កន្លែង​ស្នាក់​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជា‌ជន​ទាំង​នេះ!»។ នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ​ពាន់​នាក់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​ហា‌សិប​នាក់»។ ពួក​សិស្ស​ក៏​ធ្វើ​តាម គឺ​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ទាំង​អស់​គ្នា។ ព្រះ‌យេស៊ូ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​លើ សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​សិស្ស ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិភោគ។ គេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា រួច​ប្រមូល​នំប៉័ង​ដែល​នៅ​សល់​បាន​ពេញ​ដប់‌ពីរ​ល្អី។ ថ្ងៃ​មួយ ពេល​ព្រះ‌យេស៊ូ​នៅ​អធិស្ឋាន*​ដាច់​ឡែក​ពី​បណ្ដា‌ជន ពួក​សិស្ស*​ក៏​នៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​មហា‌ជន​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​នរណា?»។ ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​លោក​គ្រូ​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា លោក​ជា​ព្យាការី​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ ដែល​រស់​ឡើង​វិញ»។ ព្រះ‌យេស៊ូ​សួរ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ត*​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក»។ ព្រះ‌យេស៊ូ​ក៏​ហាម‌ប្រាម​គេ​មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «បុត្រ​មនុស្ស*​ត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* ពួក​អាចារ្យ* នឹង​បោះ​បង់​លោក​ចោល ថែម​ទាំង​សម្លាប់​លោក​ទៀត​ផង។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ពុំ‌ខាន ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​រួច​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត នោះ​មាន​ប្រយោជន៍​អ្វី។ បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រ​មនុស្ស*​យាង​មក ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ ព្រម​ទាំង​សិរី‌រុងរឿង​របស់​ព្រះ‌បិតា និង​របស់​ទេវតា*​ដ៏វិសុទ្ធ* ព្រះអង្គ​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។ ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។ ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ​ក្រោយ​ពី​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នោះ​មក ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។ ពេល​កំពុង​អធិស្ឋាន ស្រាប់​តែ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ប្រែ​ជា​មាន​រស្មី ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះ‌ត្រចង់។ ពេល​នោះ មាន​បុរស​ពីរ​នាក់ គឺ​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។ លោក​ទាំង​ពីរ​លេច​មក​ប្រកប​ដោយ​សិរី‌រុងរឿង ហើយ​មាន​ប្រសាសន៍​អំពី​ដំណើរ ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​ពេត្រុស និង​មិត្ត‌ភក្ដិ​របស់​លោក​សម្រាន្ដ​លង់‌លក់។ លុះ​ភ្ញាក់​ឡើង គេ​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ និង​ឃើញ​លោក​ទាំង​ពីរ​ឈរ​ជា​មួយ​ព្រះអង្គ។ កាល​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា កំពុង​តែ​ចាក​ចេញ​ពី​ព្រះ‌យេស៊ូ​ទៅ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ‌គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលីយ៉ា»។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទាំង​ពុំ​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។ កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ធ្វើ​ឲ្យ​សិស្ស​ភ័យ​ខ្លាច​ក្រៃ‌លែង ដោយ​មាន​ពពក​មក​គ្រប​បាំង​ដូច្នេះ។ មាន​ព្រះ‌សូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «ព្រះអង្គ​នេះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស​រើស ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។ បន្ទាប់​ពី​បាន​ឮ​ព្រះ‌សូរសៀង​នេះ​ហើយ គេ​ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ សិស្ស​ឥត​បាន​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​គេ​បាន​ឃើញ​ប្រាប់​អ្នក​ណា​សោះ​ឡើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ