លូកា 8:27-56

លូកា 8:27-56 គខប

កាល​ព្រះអង្គ​យាង​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​ព្រះអង្គ។ គាត់​មាន​អារក្ស​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។ ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី»។ វិញ្ញាណ​អាក្រក់​ទូល‌អង្វរ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ឲ្យ​ចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់​ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​អារក្ស​នាំ​គាត់​ទៅ​ទី​ស្ម‌សាន។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។ អារក្ស​ទាំង​នោះ​បាន​ទទូច​អង្វរ​ព្រះ‌យេស៊ូ សូម​កុំ​ឲ្យ​ព្រះអង្គ​បញ្ជូន​ពួក​វា​ទៅ​នរក​អវិចី​ឡើយ។ នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​អារក្ស​បាន​អង្វរ​ព្រះអង្គ សូម​អនុញ្ញាត​ឲ្យ​វា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះ‌យេស៊ូ​ក៏​អនុញ្ញាត​ឲ្យ។ អារក្ស​ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​បឹង លង់​ទឹក​ងាប់​អស់​ទៅ។ ពេល​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទីក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។ មនុស្ស‌ម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុ‌ការណ៍​នោះ។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​អារក្ស​ចូល​ពី​មុន អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះអង្គ គាត់​ស្លៀក​ពាក់​ដឹង​ស្មារតី​ដូច​ធម្មតា គេ​ក៏​ស្ញែង​ខ្លាច​ព្រះអង្គ។ អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នាំ​គ្នា​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌យេស៊ូ​ប្រោស​បុរស​អារក្ស​ចូល​នោះ​ឲ្យ​ជា។ អ្នក​ស្រុក​នៅ​តំបន់​គេរ៉ា‌ស៊ីន​ទាំង​អស់​អង្វរ​ព្រះ‌យេស៊ូ ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។ បុរស​ដែល​អារក្ស​ចូល​ពី​មុន​នោះ​បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះអង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ដល់​អ្នក»។ បុរស​នោះ​ចេញ​ទៅ ប្រកាស​ប្រាប់​ឲ្យ​អ្នក​ក្រុង​ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។ ពេល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ពី​ត្រើយ​ម្ខាង​វិញ បណ្ដា‌ជន​នាំ​គ្នា​មក​ទទួល​ព្រះអង្គ ព្រោះ​គេ​ចាំ​មើល​ផ្លូវ​ព្រះអង្គ​គ្រប់ៗ​គ្នា។ មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ*​ម្នាក់ ឈ្មោះ​យ៉ៃរូស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ អង្វរ​សូម​ព្រះអង្គ​យាង​ទៅ​ផ្ទះ​គាត់ ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ អាយុ​ប្រហែល​ដប់‌ពីរ​ឆ្នាំ កំពុង​ឈឺ ជិត​ស្លាប់។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ នៅ​តាម​ផ្លូវ មាន​មហា‌ជន​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះអង្គ។ ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ព្យាបាល តែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​មើល​នាង​ជា​ឡើយ។ នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះអង្គ ស្រាប់​តែ​ឈាម​ឈប់​ធ្លាក់​មួយ​រំពេច។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «នរណា​ពាល់​ខ្ញុំ?»។ គេ​ប្រកែក​គ្រប់​គ្នា​ថា គេ​មិន​បាន​ពាល់​ព្រះអង្គ​ទេ។ លោក​ពេត្រុស​ទូល​ថា៖ «ព្រះ‌គ្រូ​អើយ បណ្ដា‌ជន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌គ្រូ ហើយ​គេ​ប៉ះ​ព្រះ‌គ្រូ​ទាំង​អស់​គ្នា»។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​ម្នាក់​ពិត​ជា​បាន​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ»។ ស្ត្រី​នោះ​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទាំង​ញ័រ​រន្ធត់ ព្រោះ​ដឹង​ថា​ខ្លួន​លាក់​រឿង​នេះ​មិន​ជិត។ នាង​ទូល​ព្រះអង្គ​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​អំពី​ហេតុ ដែល​នាំ​ឲ្យ​នាង​ពាល់​ព្រះអង្គ ហើយ​នាង​បាន​ជា​ពី​ជំងឺ​ភ្លាម។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​បុរស​ម្នាក់​មក​ពី​ផ្ទះ​លោក​យ៉ៃរូស​ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ សូម​កុំ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត!»។ ព្រះ‌យេស៊ូ​ឮ​ពាក្យ​បុរស​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី ឲ្យ​តែ​លោក​ជឿ កូន​លោក​នឹង​បាន​រួច​ជីវិត​ពុំ‌ខាន»។ លុះ​ព្រះអង្គ​យាង​ទៅ​ដល់​ផ្ទះ​ហើយ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ជា​មួយ​ឡើយ លើក‌លែង​តែ​លោក​ពេត្រុស លោក​យ៉ូហាន លោក​យ៉ាកុប និង​ឪពុក‌ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។ អ្នក​ដែល​នៅ​ទី​នោះ​យំ​សោក​អាណិត​ក្មេង​នោះ​គ្រប់ៗ​គ្នា តែ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​យំ​អី នាង​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។ គេ​ចំអក​ដាក់​ព្រះអង្គ ដ្បិត​គេ​ដឹង​ច្បាស់​ថា​នាង​បាន​ស្លាប់​ពិត​មែន។ ព្រះ‌យេស៊ូ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «នាង​អើយ! ក្រោក​ឡើង»។ រំពេច​នោះ ព្រលឹង​នាង​ក៏​ត្រឡប់​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម។ ព្រះ‌យេស៊ូ​សុំ​ឲ្យ​គេ​យក​ចំណី​អាហារ​មក​ឲ្យ​នាង​បរិភោគ។ ឪពុក‌ម្ដាយ​របស់​នាង​ងឿង‌ឆ្ងល់​ក្រៃ‌លែង តែ​ព្រះ‌យេស៊ូ​ហាម​គេ​មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។