តើខ្ញុំប្រដូចមនុស្សជំនាន់នេះទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា? គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា “យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរាំ យើងបានស្មូត្របទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ”។ យ៉ាងណាមិញ លោកយ៉ូហានបាទីស្ដបានមក លោកតមអាហារ លោកតមសុរា តែអ្នករាល់គ្នាថា លោកមានអារក្សចូល។ រីឯបុត្រមនុស្ស*ក៏បានមកដែរ លោកបរិភោគអាហារ និងពិសាសុរា តែអ្នករាល់គ្នាថា “មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ* និងមនុស្សបាប”។ ប៉ុន្តែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន»។ មានបុរសម្នាក់ខាងគណៈផារីស៊ី*បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ នៅក្រុងនោះ មានស្ត្រីម្នាក់មានកេរ្តិ៍ឈ្មោះមិនល្អ។ ពេលឮថាព្រះយេស៊ូគង់នៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ី* នោះនាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ នាងនៅពីក្រោយព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ នាងយំ សម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។ ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្តថា៖ «បើលោកនេះពិតជាព្យាការី*មែន ច្បាស់ជាលោកជ្រាបថាស្ត្រីដែលពាល់លោកនេះ ជាស្ត្រីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖ «លោកស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។ លោកស៊ីម៉ូនទូលឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។ បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ត្រីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសម្តែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះព្រះជាម្ចាស់បានប្រោសឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឲ្យតិច ក៏សម្តែងសេចក្ដីស្រឡាញ់តិចដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ខ្ញុំអត់ទោសឲ្យនាងរួចពីបាបហើយ»។ អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖ «តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្តចុះ»។
អាន លូកា 7
ស្ដាប់នូវ លូកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 7:31-50
29 ថ្ងៃ។
សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ដំណឹងល្អ លូកាប្រាប់ពីរឿងរបស់ព្រះយេស៊ូតាំងពីកំណើតដល់សុគតដល់ការរស់ឡើងវិញ។ លូកាក៏រៀបរាប់ឡើងវិញនូវការបង្រៀនរបស់ទ្រង់ដែលបានផ្លាស់ប្តូរពិភពលោក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលូកា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ