លូកា 6:17-23

លូកា 6:17-23 គខប

ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​នោះ មក​ប្រថាប់​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ​មាន​សិស្ស​ជា​ច្រើន និង​ប្រជា‌ជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡឹម ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​ព្រះអង្គ​យ៉ាង​កក‌កុញ។ គេ​នាំ​គ្នា​មក​ស្ដាប់​ព្រះអង្គ និង​សូម​ព្រះអង្គ​ប្រោស​គេ​ឲ្យ​ជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន​ក៏​បាន​ជា​ដែរ។ បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​ព្រះ‌យេស៊ូ ដ្បិត​មាន​ឫទ្ធា‌នុភាព​ចេញ​ពី​ព្រះអង្គ​មក​ប្រោស​គេ​ឲ្យ​ជា​គ្រប់ៗ​គ្នា។ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​មើល​សិស្ស*​របស់​ព្រះអង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រ‌ខ្សត់​អើយ! អ្នក​មាន​សុភមង្គល*​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌រាជ្យ* របស់​ព្រះ‌ជាម្ចាស់។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។ ប្រសិន​បើ​មាន​គេ​ស្អប់​លែង​រាប់​រក​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​បុត្រ​មនុស្ស* អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ។ នៅ​គ្រា​នោះ ចូរ​មាន​អំណរ​សប្បាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ធំ នៅ​ស្ថាន​បរម‌សុខ*។ កាល​ពី​ជំនាន់​មុន បុព្វបុរស*​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ព្យាការី​ដូច្នោះ​ដែរ។