លូកា 3:1-6

លូកា 3:1-6 គខប

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​ទីប៊ើរ លោក​ប៉ុនទាស-‌ពីឡាត​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ*​គ្រប់‌គ្រង​ស្រុក​កាលី‌ឡេ ព្រះ‌បាទ​ភីលីព​អនុជ​របស់​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​តំបន់​អ៊ីទូ‌រេ និង​តំបន់​ត្រាខូ‌នីត ព្រះ‌បាទ​លីសា‌ណាស​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​ស្រុក​អាប៊ី‌ឡែន លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​មហា​បូជា‌ចារ្យ*។ ពេល​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូហាន ជា​កូន​របស់​លោក​សាការី នៅ​ក្នុង​វាល​រហោ‌ស្ថាន*។ លោក​យ៉ូហាន​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ឲ្យ​មនុស្ស​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។ លោក​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថា: ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ។ ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ឲ្យ​រាប​ស្មើ និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប ត្រូវ​តម្រង់​ផ្លូវ​កោង​ឲ្យ​ត្រង់ ព្រម​ទាំង​លុប​ផ្លូវ​រដិប‌រដុប​ឲ្យ​រាប​ស្មើ​ដែរ នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ របស់​ព្រះ‌ជាម្ចាស់»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ