លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ* ពួកមន្ត្រី និងប្រជាជនមកជួបជុំគ្នា។ លោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកឲ្យខ្ញុំកាត់ទោស ដោយចោទប្រកាន់ថាគាត់បំបះបំបោរប្រជារាស្ត្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោក តែមិនឃើញមានទោសអ្វីដូចអស់លោកចោទប្រកាន់សោះ។ សូម្បីតែស្ដេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាស្ដេចបញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្តអ្វី គួរឲ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ [ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតត្រូវលែងអ្នកទោសម្នាក់]។ គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសឲ្យយើងខ្ញុំវិញ!»។ ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។ លោកពីឡាតចង់ដោះលែងព្រះយេស៊ូ លោកក៏មានប្រសាសន៍ទៅគេម្ដងទៀត។ ប៉ុន្តែ គេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ទៅគេជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរឲ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ ប៉ុន្តែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឲ្យឆ្កាងព្រះយេស៊ូ សម្រែករបស់គេមានប្រៀបជាង។ លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំងមកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ត។ នៅពេលបណ្ដើរព្រះយេស៊ូទៅ គេជួបបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាអ្នកស្រុកគីរេន ដែលត្រឡប់មកពីចម្ការ។ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាង ដើរតាមក្រោយព្រះយេស៊ូ។ ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ត្រីគក់ទ្រូង យំសោកអាណិតព្រះអង្គផង។ ព្រះយេស៊ូងាកមកមានព្រះបន្ទូលនឹងស្ត្រីទាំងនោះថា៖ «ស្ត្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញ ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោលថា “ស្ត្រីណាឥតកូន ស្ត្រីណាមិនបង្កើតកូន និងស្ត្រីណាមិនដែលបំបៅកូន ស្ត្រីនោះពិតជាមានសុភមង្គលមែន”។ នៅពេលនោះ គេនឹងនិយាយទៅភ្នំថា “ចូររលំសង្កត់ពីលើយើងខ្ញុំមក! ចូរជួយលាក់ខ្លួនយើងខ្ញុំផង!” ។ បើគេធ្វើបាបឈើស្រស់យ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើឈើងាប់វិញ តើគេនឹងធ្វើបាបដល់កម្រិតណាទៅ!»។ គេបាននាំអ្នកទោសពីរនាក់ទៀតមកសម្លាប់ជាមួយព្រះយេស៊ូដែរ។ លុះមកដល់កន្លែងមួយដែលគេហៅថា “ភ្នំលលាដ៍ក្បាល” គេឆ្កាងព្រះយេស៊ូនៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឱព្រះបិតាអើយ! សូមព្រះអង្គអត់ទោសឲ្យអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។ គេយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។ ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រិស្ត*របស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «បើអ្នកជាស្ដេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។ នៅពីលើព្រះអង្គ មានសរសេរអក្សរថា «អ្នកនេះជាស្ដេចជនជាតិយូដា»។ អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថព្រះយេស៊ូថា៖ «បើអ្នកជាព្រះគ្រិស្តមែន ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយសង្គ្រោះយើងផង!»។ ប៉ុន្តែ អ្នកទោសម្នាក់ទៀតស្ដីឲ្យអ្នកនោះថា៖ «ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។ គេធ្វើទោសយើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ត។ រីឯលោកវិញ លោកមិនបានធ្វើអំពើអាក្រក់អ្វីសោះ»។ បន្ទាប់មក គាត់ទូលព្រះអង្គថា៖ «ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ថ្ងៃនេះ អ្នកបានទៅនៅស្ថានបរមសុខ*ជាមួយខ្ញុំ»។
អាន លូកា 23
ស្ដាប់នូវ លូកា 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 23:13-43
10 Days
Let’s slow down this Holy Week and learn from Christ’s final days on earth. Each day we will receive lessons or gifts that He took the time to give. Do you need a fresh reminder of what mattered most to Christ—that you love His people and follow Him? What could He want to teach you this Holy Week?
29 ថ្ងៃ។
សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ដំណឹងល្អ លូកាប្រាប់ពីរឿងរបស់ព្រះយេស៊ូតាំងពីកំណើតដល់សុគតដល់ការរស់ឡើងវិញ។ លូកាក៏រៀបរាប់ឡើងវិញនូវការបង្រៀនរបស់ទ្រង់ដែលបានផ្លាស់ប្តូរពិភពលោក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលូកា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ