លូកា 22:54-71

លូកា 22:54-71 គខប

ពួក​គេ​ចាប់​ព្រះ‌យេស៊ូ បណ្ដើរ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ។ គេ​បាន​ដុត​ភ្លើង​នៅ​កណ្ដាល​ទី‌លាន ហើយ​អង្គុយ​ជុំ‌វិញ លោក​ពេត្រុស​ក៏​អង្គុយ​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ។ ស្ត្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង សម្លឹង​មើល​គាត់ ហើយ​ពោល​ថា៖ «ម្នាក់​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ!»។ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ នាង​អើយ! ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ»។ មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​គាត់​ដែរ»។ លោក​ពេត្រុស​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «ទេ! មិន​មែន​ខ្ញុំ​ទេ!»។ ប្រហែល​មួយ​ម៉ោង​ក្រោយ​មក មាន​ម្នាក់​ទៀត​និយាយ​បែប​ប្រាកដ​ប្រជា​ថា៖ «អ្នក​នេះ​ពិត​ជា​បក្ស​ពួក​របស់​យេស៊ូ​មែន ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។ លោក​ពេត្រុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​អ្នក​ចង់​និយាយ​អំពី​រឿង​អ្វី​សោះ»។ គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន់​រងាវ​ឡើង។ ព្រះ‌អម្ចាស់​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​លោក​ពេត្រុស។ លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ លោក​ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច‌ផ្សា។ ពួក​អ្នក​យាម​ព្រះ‌យេស៊ូ​ចំអក​ដាក់​ព្រះអង្គ ហើយ​វាយ​តប់​ព្រះអង្គ​ផង។ គេ​យក​ក្រណាត់​គ្រប​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ហើយ​សួរ​ថា៖ «ទាយ​មើល៍ អ្នក​ណា​វាយ​ឯង?»។ រួច​គេ​ជេរ​ប្រមាថ​ព្រះអង្គ​ជា​ច្រើន​ថែម​ទៀត​ផង។ លុះ​ព្រឹក​ឡើង ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ជួប‌ជុំ​គ្នា បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌យេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​របស់​គេ។ ពួក​គេ​សួរ​ព្រះអង្គ​ថា៖ «ប្រាប់​យើង​មក​មើល៍ តើ​អ្នក​ជា​ព្រះ‌គ្រិស្ត*​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​ប្រាប់​អស់​លោក ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំ ហើយ​បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ។ ប៉ុន្តែ អំណើះ​ត​ទៅ បុត្រ​មនុស្ស​នឹង​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព »។ ពេល​នោះ គេ​សួរ​ព្រម​គ្នា​ឡើង​ថា៖ «បើ​ដូច្នេះ អ្នក​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ»។ គេ​ក៏​និយាយ​ឡើង​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ ដ្បិត​យើង​បាន​ឮ​ពាក្យ​របស់​អ្នក​នេះ​ផ្ទាល់​តែ​ម្ដង!»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 22:54-71

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ